គណៈប្រតិភូសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចូលជួបសម្តែងការគួរសម ពិភាក្សារការងារ និងជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំកុរ

ភ្នំពេញ៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (AFCJ) និងជាចាងហ្វាងកាសែតនិស្សិតខ្មែរ បានដឹកនាំគណ:ប្រតិភូ សមាគមចំនួន ១២រូប ចូលជួបសម្តែងការគួរសម ជូនពរ រាយការណ៍លទ្ធផលការងារសម្រេចបាន ជូនបាច់ផ្កា និងវត្ថុអនុស្សារីយ៍ ព្រមទាំង សុំអនុសាសន៍ ពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងព័ត៌មាន។

លោក ទេស វិបុល ក្នុងនាមសមាគម AFCJ បានសម្តែងការគួរសម សាកសួរសុខទុក្ខ និងបានរាយការណ៍សកម្មភាពការងារ និងលទ្ធផលដែលសមាគមសម្រេចបាន រួមមាន៖
១.សកម្មភាពសប្បុរសធម៌ ដោយបានផ្តល់អំណោយ និងជួយឧបត្ថម្ភដល់អ្នកសារព័ត៌មានដែលជួបការខ្វះខាតជីវភាព។
២.ចុះជួបផ្ទាល់ ជួយអន្តរាគមន៍ ពេលអ្នកសារព័ត៌មានរងការចោទប្រកាន់ ចាប់ខ្លួនពីបងល្មើសផ្សេងៗ។
៣.ពង្រឹងសមត្ថភាព និងបើកវគ្គបណ្តុះបណ្តាល ដល់សមាជិក និងអ្នកសារព័ត៌មានទូទៅ ដូចជា បានបើកវគ្គបណ្តុះបណ្តាលចំនួន២វគ្គ គឺ វគ្គស្តីពីជំនាញសរសេរនិងរាយការណ៍ព័ត៌មាន និងវគ្គស្តីពី ការសរសេរព័ត៌មានបែបឌីជីថល និង កំចាត់ព័ត៌មានក្លែងក្លាយ។
៤.សមាគមបានចេញសេចក្តីថ្លែងការចំនួន២ គាំទ្រលទ្ធផលបោះឆ្នោត និងប្រឆាំងការផ្សាយព័ត៌មានមិនពិត។

លោក ទេស វិបុល បានសុំអនុសាសន៍ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ជាការឆ្លើយតប ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្តែងសេចក្តីរីករាយ គាំទ្រសកម្មភាពសមាគម និងបានផ្តល់អនុសាសន៍ ឲ្យសមាគមបន្តសកម្មភាពការងារ ជាពិសេស ការបណ្តុះបណ្តាលពង្រឹងសមត្ថភាព អ្នកសារព័ត៌មាន ឲ្យមានជំនាញ វិភាគព័ត៌មាន ។ ទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោក ទេស វិបុល និង ក្រុមការងារ ដែលបានចូលជួបសម្តែងការគួរសមនាពេលនេះ។

បន្ទាបមក គណ:ប្រតិភូសមាគម បានជូនកន្ត្រកផ្លែឈើ វត្ថុអនុស្សារីយ៍ និងបួងសួងវត្ថុស័ក្តិសិទ្ធិ ទេវតាឆ្នាំថ្មី ព្រះនាមទង្សាទេវី សូមប្រោះព្រំប្រទានពរជ័យ សិរីមង្គម ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ និងក្រុមគ្រួសារទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុ ឯកស័ក ព.ស ២៥៦៣ ដែលនឹងចូលមកដល់ឆាប់ៗនេះ សូមមានសុខភាពល្អ អាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីបន្តដឹកនាំក្រសួងព័ត៌មានឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កិត្តិយស ថតរូបអនុស្សារីយ៍ផងដែរ៕