រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធពិធីសូត្រមន្តចម្រើនសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្ដម ម៉ម សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោកជំទាវ បាននិមន្ដព្រះសង្ឃចំនួន៥៣អង្គ សូត្រមន្តចម្រើន សិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ និងរម្លឹក គុណជូនដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី ជូនជាតិ មាតុភូមិ សុំសេចក្ដីសុខ សេចក្ដីចម្រើនជូនដល់ មន្ដ្រីរាជការ នៅសាលារាជធានី និង បណ្ដាខណ្ឌ ទាំង១២ មន្ទីរ ទាំង២៤ សង្កាត់ទាំង១០៥ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។ ពិធីនេះរដ្ឋបាលរាជធានីភ្នំពេញ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការ ចូលរួមពីមន្រ្តីរាជការសាលារាជធានី មន្ទីរ អង្គភាពជុំវិញ បានធ្វើការបន់ស្រន់ ដើម្បី ឧទ្ទិសកុសល ផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ ជីដូនជីតា បុព្វការីជន និង បងប្អូនប្រជាពលរដ្ឋ ដែលបានបាត់បង់ ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងយុទ្ធជន យុទ្ធនារី ដ៏អង់ អាចក្លាហានរបស់កម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងសុំពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ពីទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ដែលនឹងត្រូវ ឈានចូលមកដល់នាពេលខាងមុខនេះ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហា ប្រសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុង រាជធានី ភ្នំពេញ ទាំងមូលសូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ស្របទៅនឹងយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាបាលកម្ពុជា ក្រោមដំបូលសន្តិភាពតែមួយ៕

ដោយ សួស សំរិត