កីឡាករប៊ូល-ប៉េតង់ ខេត្តកំពង់ធំទទួលបានពានលេខ១

AKP កំពង់ធំ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩​ — លោក ដួង ឌីណា ប្រធានក្រុមកីឡាប៊ូល-ប៉េតង់ខេត្តកំពង់ធំ បានបញ្ជាក់ឱ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះថា ការប្រកួតកីឡាប៊ូល-ប៉េតង់ ជាលក្ខណៈមិត្តភាពអន្តរជាតិ-កម្ពុជា នៅបញ្ជាការដ្ឋានអង្គរក្សសម្ដេចហ៊ុនសែនស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាល ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩កន្លងមកនោះ  ខេត្តកំពង់ធំទទួលបានពាន លេខ១ជាប្រវត្តិសាស្ត្រ។

ក្នុងការប្រកួតនោះ មានការប្រកួតបាល់ទះ ព្រមទាំងមានការសម្ដែងសិល្បៈ ជាលក្ខណៈមិត្តភាព ភាពអន្តរជាតិកម្ពុជា-វៀតណាម ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះផងដែរ។

ចំពោះកីឡាករប៊ូល-ប៉េតង់មានកីឡាករកីឡាការនីចំនួន២៤ក្រុម មកពីបណ្ដារាជធានី ខេត្ត ដូចជារាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តត្រាវិញ ប្រទេសវៀតណាម បញ្ជាការដ្ឋានអង្គរក្ស និងយោធាភូមិភាគ៩ប្រទេសវៀតណាមផងដែរ ក្នុង នោះខេត្តកំពង់ធំ​ទទួលពានលេខ១ជាប្រវត្តិសាស្ត្រ៕

ដោយ ស៊ុម វណ្ណា