CNCC ចាប់ឆ្នោតគូប្រកួតវគ្គ១៦ក្រុមចុងក្រោយថ្នាក់ខេត្តពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៩

AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ — ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវ​កាល ២០១៩ បានឈានដល់វគ្គ១៦ក្រុមចុងក្រោយហើយ ដោយនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC បានរៀប ចំចាប់ឆ្នោតគូប្រកួត ដោយនឹងត្រូវផ្ដើមប្រកួតជម្រុះបន្តពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ដែលមានតែមួយជើងប៉ុណ្ណោះ។ការចាប់ឆ្នោតជ្រើសរើសគូប្រកួតវគ្គ១៦ក្រុមចុងក្រោយថ្នាក់ខេត្តនេះត្រូវបានធ្វើឡើងដោយតំណាងក្រុមនានាជាសាក្សី និងចូលរួមដោយលោក លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

លោក ឆាំង ពិសិដ្ឋ បានបញ្ជាក់ថា ក្រុមខេត្តសៀមរាបនឹងជួបជាមួយ ខេត្តព្រះវិហារ នៅខេត្តបន្ទាយមានជ័យ ថ្ងៃសុក្រ ទី១២ ខែមេសានេះ ដើម្បីបង្គ្រប់ពូល”ង”។ លោកបានបន្ដថា ការបង្គ្រប់កិច្ច​យឺត​បន្តិចនេះ ព្រោះសៀមរាបដែលរងពិន័យមិនឱ្យរៀបចំការប្រកួតក្នុងផ្ទះខ្លួន ឯងពាក់ព័ន្ធនឹងប្រទូស្ដរាយជាមួយក្រុមខេត្តឧត្តរមានជ័យកាលពីសប្ដាហ៍មុន ទើបសម្រេច យកកីឡដ្ឋាន ខេត្តបន្ទាយមានជ័យសម្រាប់ធ្វើជាទឹកដីកណ្ដាល។គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយថ្នាក់ខេត្តនាថ្ងៃថ្ងៃអង្គារ ទី២៣ ខែមេសា រួមមាន៖ សៀមរាប ទទួលក្រុមខេត្តកំពង់ស្ពឺ, ខេត្តកែប ទទួលក្រុមខេត្ត បន្ទាយមានជ័យ, ព្រៃវែងទទួលខេត្តបាត់ដំបង។ នៅថ្ងៃពុធ ទី២៤ ខែមេសា កំពត ទទួល​មណ្ឌលគិរី, កំពង់ធំ ទទួល ព្រះវិហារ, ត្បូងឃ្មុំ ទទួល ពោធិ៍សាត់ ខណៈនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា គឺក្រុមកោះកុង ទទួលស្វាយរៀង និងខេត្តរតនគិរី ទទួល តាកែវ៕

ដោយ ហេង ណាលីន