ក្រសួងសាធារណការ ឈ្នះមេដាយមាស៤វិញ្ញាសាកីឡាហែលទឹក ពានរង្វាន់សម្តេច ក្រឡាហោម ស ខេង លើកទី៦

AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ — ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនបានយកឈ្នះមេដាយមាសច្រើនជាងគេ ចំនួន៤វិញ្ញាសា ក្នុងចំណោម១៥វិញ្ញាសា ដោយឈរនៅចំណាត់ថ្នាក់លេខ១ នៃការប្រកួត​កីឡាហែលទឹកពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៦ ប្រចាំឆ្នាំ២០១៩ នៅអាង​ហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានបញ្ចប់ដោយជោគជ័យ នៅព្រឹក​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានគូសបញ្ជាក់ថា ក្នុង​ចំណោមវិញ្ញាសាចំនួន១៥ គឺចំណាត់ថ្នាក់លេខ១ បានទៅលើក្លិបហែលទឹកក្រសួង សាធារណការ និងដឹកជញ្ជូន មេដាយមាស៤, លេខ២ ក្លិបក្រសួងមហាផ្ទៃ មេដាយមាស៣ និងលេខ៣ និងលេខ៤ ក្តោបក្តាប់ដោយក្លិបក្រសួងព័ត៌មាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលឈ្នះមេដាយមាស២វិញ្ញាសាដូចគ្នា ខណៈក្លិបដទៃៗទៀតទទួលបាន ចំណាត់ថ្នាក់​ជា​បន្តបន្ទាប់។

លោកអគ្គលេខាធិការបានបន្ដថា ការប្រកួតនេះទទួលបានការឧបត្ថម្ភគាំទ្រ​ពី​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធាន​សហព័ន្ធ​ខ្មែរកីឡាហែលទឹក ដើម្បីជួយជ្រោមជ្រែងដល់ការបង្កើន បច្ចេកទេសយុវជនហែល​ទឹក​ទទួលបានឱកាសប្រកួតកាន់តែច្រើន ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះយុវជនជើង ឯកអាស៊ី​អាគ្នេយ៍ នាចុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខឆាប់ៗនេះ។ ទន្ទឹមនេះ ព្រឹត្តិការណ៍នេះ​គឺជាការ​ប្រកួតលក្ខណៈ អន្តរជាតិដ៏ធំកម្រិតតំបន់ ដែលកម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង​ជាពិសេសគឺដាក់គោលដៅធ្វើយ៉ាងណា ខិតខំឱ្យអត្តពលិកដណ្តើមឱ្យបានមេដាយ​សំរឹទ្ធិ​ចំនួន​២ ខណៈក្រុមយុវជនហែលទឹកក្នុងតំបន់សុទ្ធសឹងតែជាកីឡាករ កីឡាការិនីមានកម្រិតសមត្ថ ភាពខ្ពស់ៗ។ ក្រៅពីគោលដៅទាំងនេះ ព្រឹត្តិការណ៍នេះដែរគឺដើម្បីផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីវ័យក្មេងបានប្រកួតនិងទទួលបានការឧបត្ថម្ភជាថវិកាលើកទឹកចិត្តក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។ ដោយឡែកចំពោះអត្តពលិកដែលមិនទទួលបានជ័យ លាភី​ក៏ទទួលបានការលើកទឹក ចិត្តជាថវិកាពីឯកឧត្តម ជា ប៊ុនហេងផងដែរ។

ក្នុងឱកាសបិទការប្រកួត និងបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ហែលទឹកពានរង្វាន់សម្តេច​ក្រឡាហោម ស ខេង លើកទី៦នេះ មិនខុសពីគោលបំណងការប្រកួតមុនៗនោះដែរ គឺដើម្បី បង្កើនបច្ចេកទេសកីឡាករ កីឡាការិនីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយមួយឆ្នាំទៅ​មួយឆ្នាំយើងខិតខំបន្តិចម្តងៗ គង់តែទាន់គេទេ ដូចបណ្តាប្រទេសក្នុងតំបន់ ដើម្បីត្រៀម​រៀបចំធ្វើម្ចាស់ផ្ទះ ជើងឯកយុវជនអាស៊ីអាគ្នេយ៍ នាពាក់កណ្តាលឆ្នាំ ២០១៩នេះ ផងដែរ៕

ដោយ ហេង ណាលីន