ក្រសួងព័ត៌មាន រៀបចំការសម្ដែងរបាំត្រុដិ សម្រាប់អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ — ដើម្បីចូលរួមអបរសាទរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង​លោកជំទាវ ព្រមទាំងមន្រ្តីរាជការ ក្រោមឱវាទក្រសួងព័ត៌មានទាំងអស់ បានរៀបចំ​ពិធី​សម្ដែងរបាំឆៃយ៉ាំ និងរបាំត្រុដិ ដើម្បីបណ្ដេញឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ និងនាំមកនូវ​ការរីកចម្រើន សុភមង្គល ព្រមទាំងទទួលបាននូវភាពជោគជ័យក្នុង ការងារសម្រាប់ឆ្នាំថ្មី ។តាមការសិក្សាអំពីប្រវត្តិរបាំត្រុដិនេះ បានឱ្យដឹងថា របាំត្រុដិគឺជារបាំដ៏មានប្រជាប្រិយ​ភាព​​គួរឱ្យកត់សម្គាល់ក្នុងចំណោមរបាំប្រពៃណីរបស់ខ្មែរ ដែលតាមជំនឿបានបង្ហាញថា ការ​សម្ដែងរបាំត្រុដិនេះ ធ្វើឡើងគឺដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងនាំមកនូវភាព​សម្បូរ​សប្បាយប្រកបដោយ សុភមង្គលសម្រាប់ឆ្នាំថ្មី។ ជាមួយគ្នានេះ របាំត្រុដិនេះមានដើម​កំណើតមកពីខេត្តសៀមរាប ហើយការសម្ដែងរបាំត្រុដិនាពេលចូលឆ្នាំថ្មីគឺគេត្រូវកំណត់យក​ដំណើរផ្តាច់ឆ្នាំនីមួយៗ ដើម្បីដេញឧបទ្រពចង្រៃដែលកើតមានក្នុងឆ្នាំចាស់ ហើយធ្វើការ​ប្រសិទ្ធពរស័ព្ទសាធុការក្នុងឱកាសឆ្នាំថ្មីវិញ។

លោកស្រី ប៉េង ផាន ប្រធានកម្មវិធីនៃសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រី បានពន្យល់ថា របាំត្រុដិនេះ ត្រូវ បានប្រជាជនកម្ពុជាមានជំនឿតាំងពីយូរលង់ ណាស់មកហើយ ដែលតាមនិយម ន័យរបស់របាំត្រុដិ នេះគឺតំណាងឱ្យសត្វប្រើសមួយក្បាល ដែលជាសត្វចង្រៃ នៅពេលដែលសត្វនេះ ចូលមកក្នុងស្រុក ភូមិប្រជាជន តែងតែយល់ដឹង​វា ជាសត្វចង្រៃ ហើយត្រូវតែនាំគ្នាកម្ចាត់សត្វប្រើសនោះចេញ។ លោកស្រីបានបញ្ជាក់ថា ដើម្បី​ដេញឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ចេញ ទាល់តែរៀបចំពិធីលើករាសីឆ្នាំថ្មីចូលមក ដែល ចាប់ពីពេលនេះមក ប្រជាជនកម្ពុជាតែងតែមានជំនឿតៗគ្នាមករហូត ដល់ពេលបច្ចុប្បន្ននេះ ក្នុងការនាំយក របាំត្រុដិមកសម្ដែងនៅតាមផ្ទះ ភូមិ ស្រុក និងតាមមន្ទីរ ក្រសួង ស្ថាប័ នផ្សេងៗ។ លោកស្រីបានបន្ថែមទៀតថា បច្ចុប្បន្ននេះ របាំត្រុដិ កំពុងតែមានការពេញនិយម និងមានការ គាំទ្រ ក្នុងការអញ្ជើញឱ្យទៅសម្ដែងនៅតាមភូមិ ស្រុក តាមក្រសួង ស្ថាប័នផ្សេងៗ ខណៈពេលដែល ជិតពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរម្ដងៗ ដែលបង្ហាញអំពីការចូលរួម លើកកម្ពស់វិស័យវប្បធម៌ ប្រពៃណីរបស់ជាតិខ្មែរ។ ជាមួយគ្នានេះ ក្នុងការសម្ដែងរបាំត្រុដិនេះ គឺមានតួអង្គសត្វប្រើស ដែលតាមទំនាយពីដូនតាមក នៅពេលដែលសត្វប្រើសចូលភូមិ នឹង​ធ្វើឱ្យចង្រៃ ហើយត្រូវរួមគ្នាកម្ចាត់សត្វនេះចេញ បន្ទាប់មកមានតួអង្គដូចជាព្រានព្រៃ សត្វ​ក្ងោក ទន្សោង យក្ស និងព្រាយ បានរួមគ្នាតាមប្រមាញ់ សម្លាប់សត្វប្រើសឱ្យចេញពីភូមិ ស្រុក ដើម្បីឱ្យមានសេចក្ដីសុខ និងសិរីសួស្ដីកើតមានឡើង។សូមបញ្ជាក់ថា តាមរយៈការសម្តែងរបាំនេះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរកាន់តែយល់ច្បាស់ ថា នឹងទទួលបាននូវភាពសប្បាយរីករាយនៅពេលដែលមានអ្នករាំរបាំត្រុដិ បានចូលទៅដល់ មុខផ្ទះ ឬក្នុងភូមិ ស្រុក និងតាមទីកន្លែងផ្សេងៗទៀត ខណៈពេលដែលពួកគាត់មានជំនឿ ប្រកបដោយក្តីសង្ឃឹមក្នុងឆ្នាំថ្មីនេះថា នឹងមានសុភមង្គលលាភសក្ការៈ នឹងកើតមានដល់នៅ ក្នុងក្រុមគ្រួសារ ឬក្នុងភូមិ ស្រុក និងតាមក្រសួង ស្ថាប័ន របស់ខ្លួនជាក់មិនខាន៕

ដោយ គង់ សិរីរ័ត្ន