រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីសូត្រមន្ត រាប់បាត្រ ចម្រើនសិរីសួស្ដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

AKP ព្រះសីហនុ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងសាលាខេត្តព្រះសីហនុ បានរៀបចំពិធីសូត្រមន្ត និងរាប់បាត្រ ចម្រើនសិរីសួស្ដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តតែងតែរៀបចំសូត្រមន្ត រាប់បាត្រ ចម្រើនសិរីសួស្ដីក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីឧទ្ទិសកុសល និងរម្លឹកគុណដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ពិសេស ដើម្បីឧទ្ទិសកុសល​ផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធជីដូន ជីតា បុព្វការីជន និងបងប្អូនប្រជាពលរដ្ឋដែលបាន​បាត់បង់ជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងសុំពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ពីទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងត្រូវចូលមកដល់នាពេលខាងមុខនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត  ក៏បានបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិ ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងខេត្តព្រះសីហនុឱ្យមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ ខេត្តឱ្យកាន់តែទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របដែលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍយ៉ាងគំហុករយៈពេល២ឆ្នាំនេះ ស្របនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ងូ សុមុនី