ឯកឧត្តម យន្ត មីន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

AKP ព្រះសីហនុ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ — នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ សាលាខេត្តព្រសីហនុ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ដដល់មន្ត្រីរាជការសាលាខេត្ត។ ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ ដែលរដ្ឋ បាលខេត្ត តែងតែបានធ្វើការជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋ បាលខេត្តបានជំរុញការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុក ដោយមានការចូលរួមពីមន្ត្រីរាជការ បានខិតខំបំពេញការងាររួមគ្នាបានល្អពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើឱ្យខេត្តព្រះសីហនុ មានការរីក ចម្រើនដែលជាវឌ្ឍនភាព នៃការអភិវឌ្ឍរបស់ខេត្ត។ ទន្ទឹមនឹងការអភិវឌ្ឍមិនអាចខ្វះបាន នៃការចូលរួមរបស់មន្ត្រីរាជការ ធ្វើឱ្យ ខេត្តមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍ ន៍មន្ត្រីរាជការតាមមន្ទីរ អង្គភាពត្រូវចូលរួម អនុវត្តន៍ច្បាប់ទាំងអស់គ្នា ទើបសម្រេចបានលទ្ធផលល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍប្រទេសជាតិ ពិសេសការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន។

ឯកឧត្តម យន្ត មីន បានបញ្ជាក់ថា ទិសដៅខាងមុខ យើងត្រូវរួមសហការជាមួយ អាជ្ញាធរភូមិ ឃុំសង្កាត់ គោរពច្បាប់ ដោយយកច្បាប់ជាគោល ដើម្បីធានាភូមិ ឃុំមានសុវត្ថិភាព ៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឆ្នាំ២០១៩នេះរដ្ឋបាលខេត្ត បានរៀបចំបុណ្យសង្ក្រាន្តសមុទ្រលើកទី១ រយ:ពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅឆ្នេរឯករាជ្យ ដូច្នេះក្រុមការងារត្រូវរៀបចំសន្តិសុខ សុវត្ថិភាព បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា កម្សាន្តសង្ក្រាន្តសមុទ្រនៅខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត ឆ្លើយតបប្រទេសកម្ពុជា មានសន្តិភាព និងការអភិវឌ្ឍរីកចម្រើន និងឆ្លុះបញ្ចាំងការរីកចម្រើនរបួសខេត្តព្រះ សីហនុនាពេលបច្ចុប្បន្ន។ ក្នុងឱកាសនោះ ឯកឧត្តម យន្ត មីន ក៏បានផ្តល់ថវិកាលើកទឹកចិត្តមន្ត្រីរាជការ សាលាខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ៕

ដោយ ងូ សុមុនី