ព្រឹត្តិការណ៍​បន្ទាយស្រី​សង្ក្រាន្ត នឹង​មាន​បង្ហាញ​ពី​ស្ករផែន​យក្ស​ ដល់ភ្ញៀវជាតិ និងអន្តរជាតិនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​

AKP ខេត្តសៀមរាប ​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩​ — លោក ណុប វុធ្ធី ប្រធានគណៈកម្មការរៀបចំបន្ទាយស្រីសង្រ្កាន្ត បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ   និងផ្តល់ឱកាសឱ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឈ្វេង យល់បន្ថែមអំពីភាពរុងរឿងល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និងបន្តថែរក្សា កេរមរតកនេះឱ្យបានគង់វង្ស។

អាជ្ញាធរ​ស្រុក​បន្ទាយស្រី​បាន​រៀបចំព្រឹត្តិការណ៍បន្ទាយស្រីសង្ក្រាន្ត​ ដោយបានបំផុស គំនិតរួបរួមកម្លាំងសាមគ្គីភាព ខ្មែរជាធ្លុងមួយ និងបណ្តុះស្មារតី អភិរក្សអភិវឌ្ឍន៍វប្បធម៌  និងអត្តសញ្ញាណជាតិខ្មែរ ក្នុងសម័យកាលសកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ និងផ្តល់ឱកាសឱ្យពាណិជ្ជករ អាជីវករ ចូលរួមតាំងបង្ហាញម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ និងផលិតផល ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ក្នុងតំបន់។ នៅក្នុង​ព្រឹត្តិការណ៍បន្ទាយស្រី​សង្ក្រាន្តនេះ និង​មាន​បង្ហាញពីទស្សនីយភាព​ដ៏សម្បូរបែប​ពាក់ព័ន្ធទៅនឹងវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា​ ជាពិសេសនោះ​ គឺការ​ធ្វើ​ស្ករផែនយក្សដែលមានទម្ងន់ ៨០០​ គីឡូក្រាម ដើម្បីលើកស្ទួយផលិតផលស្ករត្នោត  បង្ហាញដល់ សាធារណជន និងភ្ញៀវជាតិ អន្តរជាតិ នៅស្រុកបន្ទាយស្រី មានស្ករផែន ដែលមានរសជាតិ ឈ្ងុយឆ្ងាញ់ មិនមានជាតិគីមី គឺធម្មជាតិសុទ្ធសាធ។

លោកបាន​បញ្ជាក់ថា ស្ករត្នោត គឺជាផលិតផលរបស់ខ្មែរសុទ្ធសាធ ហើយក៏ជាកេរ ដំណែលដែលដូនតាខ្មែរបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ ធម្មជាតិនៃស្ករត្នោត គឺមានឱជា រសផ្អែមឆ្ងាញ់ គ្មានជាតិគីមី ដែលផលិតពីធម្មជាតិពិតប្រាកដ ហើយភាគច្រើនកសិករខ្មែរ នៅតាមជនបទជាអ្នកផលិត។

បច្ចុប្បន្ន ផលិតផលខ្មែរមួយនេះ ហាក់មិនសូវទទួលបានការគាំទ្រឱ្យតម្លៃ និងបរិភោគ ពីសំណាក់ប្រជាជនខ្មែរនោះទេព្រោះថា ដោយសារអ្នកផលិតស្ករត្នោតមួយចំនួន បានផលិត ឡើងដាក់ថ្នាំគីមីធ្វើឱ្យខូចរសជាតិ ខូចគុណភាព មានកេរ្តិ៍ឈ្មោះមិនល្អ។ យ៉ាងណាក្តី ក៏នៅមានប្រជាជនខ្មែរជាច្រើននាក់កំពុងបរិភោគ និងឱ្យតម្លៃខ្ពស់លើស្ករត្នោតខ្មែរ ហើយកំពុងស្វែងរកស្ករត្នោតដែលផលិតពីធម្មជាតិពិតប្រាកដ។

ដូច្នេះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែល​មក​ទៅកម្សាន្ត​នៅ​ខេត្ត​សៀមរាបនៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រៅ​ពី​សប្បាយរីករាយនៅសៀមរាប​សង្ក្រាន្ត និង​នៅ​តាម​ប្រាសាទ​បុរាណ​ និង​រមណីយដ្ឋានធម្មជាតិ ​បងប្អូនអាច​បន្តទៅ​កម្សាន្ត​នៅ​បន្ទាយស្រីបាន ព្រោះនៅទីនោះក៏មាន​ទស្សនីយភាព​សប្បាយៗជាច្រើន​ផងដែរ៕

ដោយ ឃុត សៅ