ប្រមុខការទូតកម្ពុជា ស្នើឲ្យប្រទេសប៊ែលហ្សិក បន្តជួយដល់វិស័យដោះមីន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖


ប្រមុខការទូតកម្ពុជា បាន់ស្នើដល់ប្រទេសប៊ែលហ្សិក បន្តជួយដល់វិស័យដោះមីន និងពង្រឹងទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជាកាន់តែមានភាពរីកចម្រើនឡើងបន្ថែមទៀត។


ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបរវាងឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម ហ្វីលីព គួរ៉ាត (Philippe Courard) ប្រធានសភាតំបន់វាឡូនៀ-ប៊្រុចសែល របស់ប្រទេសបែលហ្ស៊ីក នៅទីស្ដីក្រសួងការបរទេស កាលពីរសៀលថ្ងៃទី១០ ខែមេសា ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងដោយថ្លែងអំណរគុណ ដល់ប្រទេសប៊ែលហ្ស៉ិក ដែលបានជួយកម្ពុជាលើវិស័យជាច្រើននាពេលកន្លងមក។
អ្នកនាំពាក្យរូបនេះ បានបន្តថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យប្រទេសប៊ែលហ្ស៉ីកបន្ត ជួយដល់កម្ពុជាលើផ្នែកដោះមីនបន្ថែមទៀត ខណៈបានជំរុញការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងក្របខណ្ឌជាសមាជិកប្រទេសនិយាយភាសាបារាំង ។
ឯកឧត្តម ហ្វីលីព គួរ៉ាត បានបង្ហាញក្តីរីករាយ និងសន្យាជួយកម្ពុជា នៅក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី ទាំងផ្នែកទំនាក់ទំនងការទូត ក៏ដូចជាវិស័យដោះមីនផងដែរ។ ឯកឧត្តម បានអះអាងថា ប៊ែលហ្ស៉ីកនឹងខិតខំគ្រប់បែបយ៉ាង ដើម្បីជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនបន្តទៀត។
សូមបញ្ជាក់ថា ប៊ែលហ្ស៉ីក គឺជាប្រទេសមួយក្នុងទ្វីបអឺរ៉ុប ដែលបានជួយយ៉ាងច្រើនមកប្រទេសកម្ពុជា លើវិស័យមួយចំនួន ដូចជាវិស័យសង្គម វិស័យអប់រំ វិស័យសុខាភិបាល ការដោះមីន និងតុលាការខ្មែរក្រហម ជាដើម៕