បុគ្គលិក ក្លឹបកំសាន្តផន ធូន ជាង ១០០នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀនពីមន្រ្តីជំនាញស្ថាប័នប្រឆាំងគ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖​

ដោយលោក លឹម តុងហួតនាយកដ្ឋានជំនាញនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនសហការជាមួយ ក្រុមហ៊ុនផន ធូន (pon toon)មានរៀបចំពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់បុគ្គលិកក្រុមហ៊ុនចំនួនជាង១០០នាក់ នៅក្លឹបកំសាន្តផន ធូនកាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩។

លោកម៉ត់ ចាន់រស្មី តំណាងក្រុមហ៊ុនផន ធូន បានមានប្រសាសន៍ថា ការជួបជុំនាថ្ងៃនេះគឺដេីម្បីស្វែងយល់ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនព្រមទាំងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលលេីកទី៤ ក្នុងការបង្ការនិងទប់ស្កាត់បញ្ហាគ្រឿងញៀនអោយកាន់តែមានប្រសិទ្ឋភាពខ្ពស់។

ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោកលឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានមានប្រសាសន៍កោតសសេីរ ដល់ម្ចាស់ក្រុមហ៊ុនដែលបានសហការល្អ គិតគូរពីសុខទុក្ខនិងសុវត្ថិភាពរបស់បុគ្គលិក ចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមរយះការផ្សព្វផ្សាយបង្កេីនចំណេះដឹងពាក់ពន្ធ័នឹងបញ្ហាគ្រឿងញៀនដល់បុគ្គលិកទាំងអស់ បង្ការការពារពួកគាត់ផង និងឲ្យគាត់ចួលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន កាន់តែសកម្មថែមទៀតដោយផ្សព្វផ្សាយបន្តទៅកាន់បងប្អូន មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ពីគ្រោះថ្នាក់និងបញ្ហាផ្សេងៗបណ្តាលមកពីគ្រឿងញៀន។

លោក លឹម តុងហួត បានថ្លែងបន្តថា ប្អូនៗជាមុខសញ្ញាងាយប្រឈមខ្ពស់ ងាយនឹងធ្លាក់ចូលទៅអន្ទាក់គ្រោះថ្នាក់នៃគ្រឿងញៀនណាស់ប្រសិនបេីប្អូនៗមិនមានព័ត៌មានច្បាស់លាស់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ព្រោះថាគ្រឿងញៀនគឺជាឃាតករលាក់មុខដែលតែងតែស្វែងរកយេីង និងបំផ្លាញយេីង ៕