ក្រសួងព័ត៌មានត្រៀមផ្សព្វផ្សាយព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំថ្មីនៅតាមបណ្តាខេត្តសំខាន់ៗនៅក្នុង ប្រព័ន្ធផ្សាយរបស់រដ្ឋ

វិទ្យុជាតិកម្ពុជា៖ដោយលោក ហុក សុខរិន៖​

ក្រសួងព័ត៌មានត្រៀមផ្សព្វផ្សាយព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំថ្មីនៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួននៅក្នុងប្រព័ន្ធផ្សាយរបស់រដ្ឋ ដើម្បីជួយបង្កើនភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ ខណៈដែលប្រជាពលរដ្ឋខ្លះពុំបានចេញទៅធ្វើដំណើរកម្សាន្តនៅទីឆ្ងាយ។


ក្នុងឱកាសសម្ដែងរបាំត្រុដិ សម្រាប់អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ នៅក្រសួងព័ត៌មាននាព្រឹកថ្ងៃទី១១ ខែមេសា ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ ឲ្យដឹងថា ក្រសួងព័ត៌មានបានណែនាំដល់ប្រធានមន្ទីរព័ត៌មានតាមខេត្តមួយចំនួនឲ្យផ្តិត យកព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅក្នុងខេត្តរបស់ខ្លួនហើយបញ្ជូនមកវិទ្យុជាតិកម្ពុជា និងទូរទស្សន៍ជាតិ កម្ពុជា ធ្វើការផ្សាយបន្តដើម្បីអោយប្រជាពលរដ្ឋនៅទូទំាងប្រទេសបានដឹងពីព្រឹត្តិការណ៍សំខាន់ៗនៃពិធិបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ។


ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា កម្មវិធីសំខាន់ៗដែលត្រូវផ្សព្វផ្សាយនាឱកាសបុណ្យចូលឆ្នាំថ្មី នេះ មានដូចជា កម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ និងការប្រគុំតន្ត្រីសម័យបុរាណជាដើម ដែលមិនត្រឹមតែបានបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយលើក ប្រពៃណីវប្បធម៌ខ្មែរថែមទៀតផង។


ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងថា ការសប្បាយរីករាយរបស់ប្រជាពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃ ណីជាតិខាងមុខនេះ បានធ្វើឡើងស្របពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍ មានកំណើនសេដ្ឋកិច្ច និងប្រជាពលរដ្ឋមានជីវភាពធូរធារ។
សូមបញ្ជាក់ថា ដើម្បីចូលរួមអបរសាទរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ២៥៦៣ ដែលនឹងឈានមកដល់នៅពេលខាងមុខ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងមន្រ្តី រាជការ ក្រោមឱវាទក្រសួងព័ត៌មានទាំងអស់ បានរៀបចំពិធីសម្ដែងរបាំត្រុដិ ដើម្បីបណ្ដេញឧបទ្រព ចង្រៃនៅក្នុងឆ្នាំចាស់ និងនាំមកនូវការរីកចម្រើន សុភមង្គល ព្រមទាំងទទួលបាននូវភាពជោគជ័យក្នុង ការងារសម្រាប់ឆ្នាំថ្មី ៕