អាស៊ាន និងចិន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩​  — កាលពីថ្ងៃទី៩ ខែមេសា កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន – ចិន (ACJCC) លើកទី២០ ត្រូវបានប្រព្រឹត្តទៅនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យឡើងវិញនូវសកម្មភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការអាស៊ាន – ចិន និងដើម្បីកំណត់ទិសដៅ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីនាពេលអនាគត។

ឯកអគ្គរដ្ឋទូតវៀតណាម លោក Tran Duc Binh ដែលជាប្រធានបេសកកម្មអចិន្ត្រៃយ៍របស់  វៀតណាមប្រចាំអាស៊ានក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ អ្នកចូលរួមបានវាយតម្លៃខ្ពស់ចំពោះកិច្ចអភិវឌ្ឍនៃទំនាក់ទំនងរវាងអាស៊ាន និងចិន ក្នុងគ្រប់វិស័យទាំងអស់។ ក្នុងឆ្នាំ ២០១៧ ពាណិជ្ជកម្មទ្វេភាគីបានឈានដល់តម្លៃ ៤៣៦,៨ប៊ីលានដុល្លារអាម៉េរិក ដែលស្មើនឹង ១៧,១ភាគរយនៃពាណិជ្ជកម្មសរុបរបស់អាស៊ាន។ ទន្ទឹមនឹងនេះដែរការវិនិយោគទុនដោយផ្ទាល់របស់ចិននៅក្នុងអាស៊ានបានកើនឡើងដល់តម្លៃ ១១,៣ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំនេះ ពោលគឺកើនឡើងបាន ៨,២ភាគរយ។

ពួកគេបាននិយាយបន្ថែមថា នៅក្នុងឆ្នាំ ២០១៨ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១៥ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងចិន បណ្តាមេដឹកនាំនៃភាគីទាំងពីរបានឯកភាពគ្នាលើចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន – ចិន ឆ្នាំ ២០៣០ ដែលដើរតួនាទីជាផែនការរយៈពេលពាក់កណ្តាល និងរយៈពេលវែងដំបូងរវាងអាស៊ាន និងចិន ឆ្ពោះទៅអភិវឌ្ឍន៍ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពហុភាគីនាពេលអនាគត។

ភាគីទាំងពីរបានកត់សម្គាល់ថា ក្រោយរយៈពេលបួនឆ្នាំនៃការអនុវត្តផែនការសកម្មភាពដើម្បី  អនុវត្តន៍សេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន – ចិន សម្រាប់សន្តិភាព និងវិបុលភាព (ឆ្នាំ២០១៦-២០២០) សកម្មភាព និងកិច្ចសហប្រតិបត្តិការចំនួន ៨៥ភាគរយ នៅក្នុងវិស័យចំនួន ៣៥ ក្នុងចំណោមវិស័យទាំង ៤៤ ត្រូវបានអនុវត្តន៍៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)