ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូមន្រ្តីក្រសួងព័ត៌មាន អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាវ នៅ បញ្ញាពិសិដ្ឋ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី៖

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី១០ ខែមេសា បានដឹកនាំគណៈប្រតិភូមន្រ្តីក្រសួងព័ត៌មាន ជាច្រើនរូបអញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាវ នៅ បញ្ញាពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ផ្ទះលេខ១១ ផ្លូវ៥០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។


ឯកឧត្តម រដ្ឋមន្រ្តី រួមទំាងក្រុមការងារនៃក្រសួងព័ត៌មានទំាងអស់ បានសម្តែងនូវសមាណទុក្ខដ៏សោកសង្រេង និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់មនុស្ស ជាទីស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម នាវ នៅ បញ្ញាពិសិដ្ឋ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។


ឯកឧត្តម នាវនៅ បញ្ញាពិសិដ្ឋ បានទទួលមរណភាពនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៩ ខែមេសា ក្នុងអាយុ៤១ឆ្នាំ ដោយរោគគាំងបេះដូង។ យោងតាមសេចក្តីជូនដំណឹងរបស់គ្រួសារសព បានបឲ្យដឹងថា សពឯកឧត្តម នាវនៅ បញ្ញាពិសិដ្ឋ នឹងត្រូវហែទៅបូជានៅវត្តលង្កា នៅថ្ងៃទី១២ ខែមេសា វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ៕