វៀតណាមគាំទ្រដល់កិច្ចអភិវឌ្ឍន៍ថាមពលបៃតង

AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩​ — យោងតាមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាមប្តេជ្ញាជួយដល់បណ្តាក្រុមហ៊ុនថាមពលក្នុងការអភិវឌ្ឍទីផ្សារ និងផ្តល់នូវដំណោះស្រាយសន្សំសំចៃថាមពល ព្រមទាំងដំណោះស្រាយមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងតំបន់ និងក្នុងពិភពលោក។

រដ្ឋមន្ត្រីរូបនេះបានធ្វើសេចក្តីថ្លែងការណ៍នេះ នៅពេលចូលរួមកិច្ចសន្ទនាផ្លាស់ប្តូរថាមពលប្រចាំឆ្នាំប៊ែកឡាំងកាលពីថ្ងៃទី៩ ខែមេសា។ កិច្ចសន្ទនានេះត្រូវបានរៀបចំរួមគ្នាដោយការិយាល័យកិច្ចការបរទេសសហព័ន្ធអាល្លឺម៉ង់ និងក្រសួងសហព័ន្ធសម្រាប់កិច្ចការសេដ្ឋកិច្ច និងថាមពល ចាប់តាំងពីឆ្នាំ ២០១៥ មកម៉្លេះ ហើយព្រឹត្តិការណ៍ឆ្នាំនេះបានទាក់ទាញគណៈប្រតិភូជាង ២.០០០នាក់ មកពីជាង ៩០ប្រទេស ដែលរួមមានទាំងរដ្ឋមន្រ្តី និងរដ្ឋលេខាធិការចំនួន ៥០នាក់ និងវាគ្មិនជាង ១០០នាក់ផងដែរ។

នៅក្នុងសម័យប្រជុំពិភាក្សាអំពីអនាគតរោងចក្រអគ្គិសនី រដ្ឋមន្ត្រីវៀតណាមបានដាក់ចេញនូវគោលនយោបាយរបស់វៀតណាម ដើម្បីលើកកម្ពស់សន្តិសុខថាមពលជាតិ ជាពិសេសទាក់ទងនឹងថាមពលកកើតឡើងវិញ ក៏ដូចជាតួនាទីរបស់ប្រទេសនេះក្នុងការភ្ជាប់បណ្តាញថាមពលក្នុងតំបន់។

លោក Anh បានមាននិយាយថា ប្រទេសវៀតណាមតែងតែគោរពតាមតម្រូវការនៃដំណើរការផ្លាស់   ប្តូរថាមពល និងប្រើប្រាស់ថាមពលបៃតង ក្នុងគោលបំណងដើម្បីធានានូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារបរិស្ថាន ព្រមទាំងលើកកម្ពស់សុវត្ថិភាពថាមពល និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

នៅក្នុងថ្ងៃដដែលនោះដែរ រដ្ឋមន្រ្តីរូបនេះបានជួបប្រជុំជាមួយលោក Klaus Ernst ប្រធានគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច និងថាមពល នៃរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ពួកគេទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងរវាងវៀតណាម និងអាល្លឺម៉ង់ ក៏ដូចជាការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម ព្រមទាំងកិច្ចព្រមព្រៀងការការពារការវិនិយោគផងដែរ។

ចំពោះភាគីអាល្លឺម៉ង់ លោក Ernst បាននិយាយថា លោកសង្ឃឹមថា វៀតណាម និងអាល្លឺម៉ង់នឹងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នានៅក្នុងវិស័យថាមពលកកើតឡើងវិញ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)