រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក្នុងឱកាសបុណ្យចូលឆ្នាំ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៖

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដោយមិនត្រូវដាក់សំរាមតាមផ្លូវសាធារណៈ ដែលនាំឲ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុង ខណៈនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ការប្រមូលសំរាមរបស់ក្រុមហ៊ុនឯកជនមានការខកខាន។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ខាងមុខនេះ កម្មករ-កម្មការិនីរបស់ក្រុមហ៊ុនស៊ីនទ្រី ត្រូវបានឈប់សម្រាក និងធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ។ ដូច្នេះ ក្នុងអំឡុងពេលការឈប់សម្រាកនេះ ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញនឹងត្រូវបានអនុវត្តមិនបានពេញលេញទេ នៅក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។
រដ្ឋបាលរាជធានីភ្នំពេញ បានសុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋ ជាម្ចាស់លំនៅឋានក្នុងរាជធានីភ្នំពេញទាំងអស់ ចូលរួមរក្សាការទុកដាក់សំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួន ជាបណ្តោះអាសន្ន ក្នុងពេលដែលខកខាននេះ ដើម្បីចូលរួមចំណែកថែរក្សាអនាម័យបរិស្ថាន រាជធានីភ្នំពេញឲ្យបានល្អប្រសើរ៕