រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំស្ដីពីការលុបបំបាត់ ជំងឺគ្រុនចាញ់

AKP កំពង់ឆ្នាំង ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ -លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំស្ដីពីការលុបបំបាត់ ជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «បញ្ចប់ជំងឺគ្រុនចាញ់ អភិវឌ្ឍន៍សហគមន៍» ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃពុធ ០៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអង្គការដៃគូ ។

តាមរបាយការណ៍របស់លោក ប្រាក់ វុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បាន ឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តកំពង់ឆ្នាំង គឺធានារក្សាបាន គ្មានប្រជាពលរដ្ឋណាស្លាប់ដោយករណីជំងឺគ្រុនចាញ់ទេ គិតពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ននេះ។ នេះជាលទ្ធផលវិជ្ជមានមួយដែលជាការឆ្លើយតបទៅនឹងទិសដៅរយៈពេលខ្លី ឆ្នាំ២០១៥-២០១៩ នៃផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់។ លោកបានបន្តថា ដើម្បីឈានទៅសម្រេចទិសដៅយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានក្នុងឆ្នាំ២០២៥ យើងត្រូវរួមគ្នាគិតគូរ ទាំងមន្ទីរ   ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អង្គការដៃគូ អាជ្ញាធរដែនដី បណ្តាញអ្នកស្ម័គ្រចិត្តភូមិ និងសហគមន៍ ដែលជាក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត ត្រូវ ជំរុញការងារនេះ សម្រេចតាមទិសដៅយុទ្ធសាស្រ្តជាតិ ឆ្នាំ២០២៥ ប្រទេសកម្ពុជាគ្មានជំងឺគ្រុនចាញ់។

លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានអានសារលិខិតសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាននិងកំពុងអនុវត្តន៍ក្នុងការជំរុញ និងបំផុសការយល់ដឹងជាសារធារណៈ និងការយល់ដឹងឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់របស់ប្រជាពលរដ្ឋ ក្នុងការប្រតិបត្តិនៃការរស់នៅស្អាត ។ លោកអភិបាលរងខេត្តបានបន្តថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាព ខាតបង់ថវិកាតាមរយៈការចំណាយដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់អវិជ្ជមានដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចទៀតផង។ តាមទស្សនទាននេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្តយកចិត្តទុកដាក់លើបញ្ហាជំងឺគ្រុនចាញ់ ដោយមិនអាចមើលរំលងបានឡើយ។ ការប្រារព្ធទិវាគ្រុនចាញ់ក្រោមប្រធានបទ«បញ្ចប់ជំងឺគ្រុនចាញ់អភិវឌ្ឍន៍សហគមន៍» នេះស្របនឹងដំណើរវិវត្តន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា ខណៈដែលកម្ពុជានៅប្រឈមជំងឺគ្រុនចាញ់ឆ្នាំ២០១៥-២០២៥ដែលជាផែនទីបង្ហាញផ្លូវ និងបង្កលក្ខណៈងាយស្រួលដល់ការប្រតិបត្តិជាក់ស្តែងលើការងារលុបបំបាត់ជំងឺគ្រុនចាញ់។

លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា យើងមិនត្រូវភ្លេចខ្លួន ហើយស្កប់ស្កល់នឹងលទ្ធផលដែលយើងទទួលបាននោះទេ ព្រោះថា ជំងឺគ្រុនចាញ់នៅតែជាបន្ទុកដ៏ធ្ងន់មួយរបស់កម្ពុជា ហើយបើយើងមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ឱ្យអស់ពីក្នុងខ្លួនមនុស្សគ្រប់រូបទេនោះ សត្វមូសដែកគោលញី ដែលនៅបន្តមានវត្តមានក្នុងព្រៃ និងតំបន់ជុំវិញ នៅតែមានឱកាសបឺតឈាមចម្លងមេរោគគ្រុនចាញ់ពីមនុស្សម្នាក់ និងពីសហគមន៍មួយទៅសហគមន៍មួយដដែល។ លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវមកទទួលសេវាសុខភាពនៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែករបស់រដ្ឋដែលនៅជិតយើងបំផុត ចៀសវាងទទួលសេវាសុខភាពជាមួយគ្រូពេទ្យដែលគ្មានសញ្ញាប័ត្រទទួលស្គាល់ត្រឹមត្រូវនោះទេ។ ម្យ៉ាងទៀតប្រជាពលរដ្ឋទាំងអស់ត្រូវតែរស់នៅស្អាត ផឹកស្អាត និងរស់នៅក្នុងបរិស្ថានល្អ កុំចោសសំរាមពាលវាលពាសកាល ពិសេសយុវវ័យ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់ គ្នា៕

ដោយ បៃ ស៊ីថុន