ក្រសួងបរិស្ថានរៀបចំគោលនយោបាយការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅ​កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ -ថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រ​សួង ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្តីពី « ការរៀបចំគោលនយោបាយអំពីការ បង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES) នៅ​កម្ពុជា » ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា កិច្ចប្រជុំខាងលើនេះរៀបចំឡើងដោយនាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ (ក.ជ.អ.ច.)​ ដោយមានអ្នកចូលរួម​ពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន​ ក.ជ.អ.ច. អគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួងបរិស្ថាន សរុបចំនួន ៤៩រូប។

ប្រភពដដែលបានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណង៖ ១-បង្ហាញពីសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងដំណើរការនៃការអនុវត្តយន្តការ PES នៅក្នុងស្ថានភាពនៃប្រទេសកម្ពុជា។ ២-បង្ហាញពីលទ្ធផលនៃការប្រមូលព័ត៌មាន និងសិក្សាជាក់ស្តែងសម្រាប់ការអនុវត្តគម្រោងសាកល្បង PES នៅភ្នំគូលែន និងក្បាលឆាយ។ ៣-បង្ហាញពីលទ្ធផលនៃការសិក្សាសមិទ្ធលទ្ធភាពរបស់គម្រោងសាកល្បង PES។

ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានលើកឡើងពីប្រវត្តិ ឱកាស និងភាពចាំបាច់នានាក្នុងការស្វែងរកយន្តការថ្មីៗបន្ថែមទៀត ដើម្បីចូលរួមការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សំដៅធានាបានក្នុងការប្រើប្រាស់ធនធានទាំងនោះប្រកបដោយចីរភាព ធានានិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបំពេញបានតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ប្រភពខាងលើបន្តថា កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំគោលនយោបាយស្តីពី ការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES) ដែលនឹងត្រូវអនុវត្តន៍សាកល្បងក្នុងតំបន់គោលដៅចំនួន ០២ គឺតំបន់ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយ ខេត្តព្រះសីហនុ និងឧទ្យានជាតិជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ខេត្តសៀមរាប។

សូមជម្រាបផងដែរថា យន្តការ PES គឺជានិន្នាការពិភពលោកថ្មីមួយប្រកបដោយសក្តានុពលនៃការកៀរគរហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់ ថែរក្សាការពារ និងអភិរក្សសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ។ សេវាកម្មប្រព័ន្ធអេកូឡូស៊ីសំខាន់ៗរួមមាន ១-សេវាផ្តល់ឱ្យ (ទឹកសាប អាហារ ឱសថ…) ។ ២-សេវាជានិយ័តករ (បន្សុទ្ធទឹក-អាកាស កាត់បន្ថយគ្រោះធម្មជាតិ រក្សាកាបូន..) ។ ៣-សេវាកម្មផ្នែកវប្បធម៌ (ជំនឿ សាសនា ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អប់រំ ទេសភាព សោភណភាព…) ។ ៤-សេវាកម្មគាំពារ (ជម្រក ជីធម្មជាតិ ដំណើរលម្អង..) ។ កិច្ចប្រជុំបានលើកឡើងនូវជ្រើសមួយចំនួនសម្រាប់ការចាប់ផ្តើមអនុវត្តន៍នៅទីតាំងទាំងពីរ។ តាមការពិភាក្សា កិច្ចប្រជុំយល់ឃើញថា គោលការណ៍ស្ម័គ្រចិត្តបង់ថ្លៃសេវាកម្មប្រើប្រាស់ទឹកសាប ពីភាគីអ្នកប្រើប្រាស់ទឹកច្រើនជាលក្ខណៈអាជីវកម្ម ត្រូវចាប់ផ្តើមអនុវត្តន៍ជាលក្ខណៈបន្ទាន់ និងការបង់ថ្លៃសេវាកម្មប្រើប្រាស់ទឹកជាកាតព្វកិច្ច ចាំបាច់ត្រូវមានច្បាប់គាំទ្រ៕

ដោយ ពេជ្រ ណារិទ្ធ