ឯកឧត្តម ជាម ហ៊ីម ដឹកនាំគណៈប្រតិភូសួរសុខទុក្ខកងពលតូចលេខ៤ ទិសខេត្តឧត្តរមានជ័យ

AKP ព្រះសីហនុ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ — នៅថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ជាម ហ៊ីម ប្រធានក្រុម ប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ដឹកនាំមន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត អញ្ជើញ សំណេះសំណាល និងសួរសុខទុក្ខដល់នាយ នាយរង  និងពលទា ហានឈរជើងទិស ខេត្តឧត្តរមានជ័យ ស្ថិតនៅឃុំបេង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

ឯកឧត្តម ជាម ហ៊ីម បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អភិបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលបានគិតគូរពីសុខទុក្ខ និងជីវភាពរបស់ កងទ័ពដែលកំពុងឈរជើងនៅតាមបណ្តោយបន្ទាត់ព្រំដែន ខេត្តឧត្តរមានជ័យ កន្លងមក គណៈប្រតិភូខេត្តព្រះសីហនុ តែងតែបានមកសួរសុខទុក្ខដល់កងទ័ពទ័ពខេត្តឧត្តរមានជ័យ ព្រមទាំងនាំមកនូវគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់កងពលអន្តរាគមន៍លេខ៤។  ខេត្តព្រះសីហនុ មានសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៤ ដែលឈរជើង តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនេះគណៈប្រតិភូខេត្តព្រះសីហនុ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ មានដូចជា៖ មីចំនួន ១៣៦កេស, អង្ករ ១០បាវ, ទឹកត្រី ២៥យួ , ទឹកស៊ីអ៊ីវ ២៩យួ, ប្រេងឆា ៤យួ , ត្រីខ ៤៥យួ, ស្ករស ៣បាវ , អំបិល ៣បាវ , បង្គាក្រៀម ៤០កញ្ចប់ , ក្រមាបង់ក ៨០ , ស្រាបៀរ១០០កេស, ទឹកក្រូច ៣០កេស និងផ្តល់ថវិកាជូនដល់កងទ័ពចំនួន  ១.១០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៤០.០០០រៀល។ វរសេនាតូចចំនួន៤ ក្នុងមួយវរទទួលបាន ថវិកាចំនួន ២.០០០.០០០រៀល, កងពលធំលេខ២ ចំនួន ៤.០០០.០០០រៀល និងកងពល អន្តរាគមន៍លេខ៤ ចំនួន ១០.០០០.០០០រៀល ដោយឡែកគ្រួសារ កងទ័ពចំនួន ២.៧០០.០០០រៀល៕

ដោយ ងូ សុមុនី