រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចស្នើសុំ UN-ESCAP ជួយជ្រើសរើសមន្រ្តីកម្ពុជា យកទៅហ្វឹកហាត់ការងារ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានស្នើសុំអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គម​កិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ជួយបណ្តុះ បណ្តាល និងពិនិត្យលទ្ធភាពជ្រើសរើសមន្រ្តីកម្ពុជា ទៅហ្វឹកហាត់ការងារនៅក្នុង UN-ESCAP។ ការស្នើសុំនេះធ្វើឡើង ខណៈលោកជំទាវបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច​សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP)បានចូលជួបពិភាក្សា​ការងារនារសៀលថ្ងៃទី០៩ ខែ មេសា ឆ្នាំ ២០១៩នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររបស់ UN-ESCAP ជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ច​អភិវឌ្ឍន៍​​កម្ពុជា និងជូនពរលោកជំទាវអគ្គលេខា​ធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន​គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច​សម្រាប់​អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ UN-ESCAP ឱ្យទទួលបានជោគជ័យក្នុង​បេសកកម្មការងាររបស់លោកជំទាវនៅកម្ពុជា។

លោកជំទាវបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហ​ប្រជាជាតិ ក៏បានជម្រាបជូនអំពីគម្រោងសហប្រតិបត្តិការនានារបស់ UN-ESCAP ក្នុងការជួយ​អភិវឌ្ឍន៍ប្រទេសជាសមាជិក ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងនោះមាន កិច្ចសហប្រតិបត្តិការជាជំនួយបច្ចេកទេស កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ​ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាគោលនយោបាយកែទម្រង់សារពើរពន្ធ ជាដើម។ ឯកឧត្តមអគ្គ​បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានាពេល​កន្លងមកបានរៀបចំនូវ “ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០” ដែលមាន ១៨ គោលដៅ, ៨៨ ចំណុចដៅ និង ១៤៨ សូចនាករ ហើយដែលនឹង​ត្រូវចូលរួមអនុវត្តន៍ទៅតាមសមត្ថកិច្ចនៃក្រសួង-ស្ថាប័ននានា។ ទន្ទឹមនេះ ក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា គឺជាធាតុចូលដ៏សំខាន់សម្រាប់កម្មវិធីនយោបាយ របស់​រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលផ្តោតលើគោល​ដៅ យុទ្ធសាស្រ្តសំខាន់ៗចំនួន ៤ រួមមាន៖ កំណើនការងារ, កាត់បន្ថយភាពក្រីក្រ, សមត្ថភាព​ស្ថាប័នសាធារណៈ និងការពង្រឹងអភិបាលកិច្ច ។ ទន្ទឹមនឹងការជំរុញកំណើនសេដ្ឋកិច្ចខ្ពស់, យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក៏បានផ្សារភ្ជាប់ “គោលដៅអភិវឌ្ឍប្រកបដោយ​ចីរភាព​កម្ពុជា” ជាមួយការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការអភិវឌ្ឍ​ធនធានមនុស្ស, ការលើកកម្ពស់ការអប់រំ និងជំនាញវិជ្ជាជីវៈ, ការលើកកម្ពស់សេវាសាធារណៈ និងអាហារូបត្ថម្ភ រួមទាំងការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ។

ជាមួយគ្នានេះ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥ ត្រូវបាន​អនុម័ត ក្នុងគោលបំណងធានាសន្តិសុខប្រាក់ចំណូល និងការកាត់បន្ថយភាពងាយរង​គ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាពនិងពង្រឹង​សាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។

សូមរម្លឹកថា លោកជំទាវបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ដែលបានមកបំពេញ​ទស្សនកិច្ច​ផ្លូវការរយៈពេល០៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និង UN-ESCAP ដើម្បីគោលដៅរួមឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ គង់ សិរីរ័ត្ន