អនុស្សរណៈយោគយល់គ្នា ស្តីពីផែនការកិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងសភានៃប្រទេសទាំងបីត្រូវបានចុះហត្ថលេខា

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩​ — កិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នាលើផែនការកិច្ចសហប្រតិបត្តិការ នាពេលអនាគតត្រូវបានចុះហត្ថលេខានៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ រវាងសភានៃ​ប្រទេសទាំងបីគឺ កម្ពុជា ឡាវ និងវៀតណាម។

បើយោងតាមព័ត៌មានរបស់នាយកដ្ឋានព័ត៌មានរដ្ឋសភាកម្ពុជាបានឱ្យដឹងថា ការចុះ ហត្ថលេខានេះ ធ្វើឡើងនៅក្នុងសិក្ខាសាលារួមគ្នាលើកទី៨ ឆ្នាំ២០១៩ នៅប្រទេសឡាវ រវាងគណៈកម្មាធិការផែនការ ហិរញ្ញវត្ថុ និងសវនកម្ម នៃរដ្ឋសភាឡាវ, គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាកម្ពុជា និងគណៈកម្មការហិរញ្ញវត្ថុ និងថវិកា នៃរដ្ឋសភាវៀតណាម។

អនុស្សរណៈយោគយល់គ្នាលើផែនការកិច្ចសហប្រតិបត្តិការនាពេលអនាគតនេះផ្តោតលើ៖ ១-បន្តរៀបចំសិក្ខាសាលាផ្លាស់ប្តូរតាមវេនរវាងសភានៃប្រទេសទាំងបី លើប្រធានបទ ពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ថវិកា និងការងារសវនកម្ម រៀងរាល់ពីរឆ្នាំម្តង។ ២- បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ និងការអនុវត្តប្រសើរ ក្នុងចំណោមគណៈកម្មការទទួលបន្ទុកថវិកា ហិរញ្ញវត្ថុ និងសវនកម្ម និងអញ្ជើញអ្នកឯកទេសមកពីប្រទេសផ្សេងៗទៀត​។ ៣-ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដោយឱ្យមានការចូលរួមពីតំណាងស្ថាប័ន​​បច្ចេកទេស រួមមានក្រសួងហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្ម នៃប្រទេសទាំងបួន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ៤-បន្តស្វាគមន៍ និងលើកទឹកចិត្តដល់អង្គការអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជា ADB World Bank IMF UNDP និងដៃគូអភិវឌ្ឍន៌ពាក់ព័ន្ធដទៃទៀត ចូលរួមគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់ការរៀបចំព្រឹត្តិការណ៍បែបនេះ ព្រមទាំងជំនួយគាំទ្រ សម្រាប់ការបណ្តុះបណ្តាលរយៈពេលខ្លី និងទស្សនកិច្ចសិក្សានៅក្រៅប្រទេសរួមគ្នា លើការត្រួតពិនិត្យ និងតាមដានថវិកាជាតិ ហិរញ្ញវត្ថុសាធារណៈ និងភារកិច្ចទទួលខុសត្រូវផ្សេងទៀត របស់គណៈកម្មការជំនាញរដ្ឋសភា នៃប្រទេសទាំងបួន។

សូមបញ្ជាក់ថា សិក្ខាសាលាលើកទី៨ នៅខេត្តហ្លួងព្រះ​បា​ង​ប្រទេសឡាវ ស្តីពី “ការពង្រឹងតួនាទីត្រួតពិនិត្យថវិការបស់រដ្ឋសភាលើថវិការបស់រដ្ឋាភិបាល” បានប្រារព្ធ បើកក្រោមអធិបតីភាពរបស់លោកជំទាវ ផានី យ៉ាថទូ ប្រធានរដ្ឋសភាឡាវ ឯកឧត្តមបណ្ឌិត វិឡាវង្ស ប៊ូដាខាំប្រធានគណៈកម្មាធិការផែនការ ហិរញ្ញវត្ថុ និងសវនកម្ម នៃរដ្ឋសភាឡាវ, ឯកឧត្តម ឡូយ សុផាត ប្រធានស្តីទីគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ង្វៀន ដុក ហាយ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកា នៃរដ្ឋសភាវៀតណាម និងអង្គការធនាគាពិភពលោក ព្រមទាំងអង្គការពាក់ព័ន្ធមួយចំនួនទៀត នៅក្នុងប្រទេសឡាវ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩។ សិក្ខាសាលាលើកទី៩ នឹងត្រូវរៀបចំដោយរដ្ឋសភាវៀតណាម នៅឆ្នាំ២០២១៕

ដោយ ប៉ាល់  សុង