សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ បានរៀបចំពិធីសម្តែងរបាំត្រុដិនៅក្នុងភូមិគ្រឹះ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ — មុននឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ.ស ២០១៩ចូលមកដល់  នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ បានរៀបចំពិធីសម្តែងរបាំត្រុដិ នៅភូមិគ្រឹះរបស់ សម្តេច ស្ថិតនៅក្នុងតំបន់ចំការមន រាជធានីភ្នំពេញ​ ដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងនាំមកនូវសេរីសួស្តីសម្រាប់ឆ្នាំថ្មី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋ សភា ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធានគណៈកម្មការរដ្ឋសភា និងមន្ត្រីអ្នកមុខ អ្នក ការជាច្រើនរូប ដោយបានសម្តែងនូវសមានចិត្តរីករាយបំផុតចំពោះឱកាសឆ្នាំថ្មី ដោយបាន

សម្បូងសង្រូងចំពោះទេវតាឆ្នាំថ្មី ព្រះនាមធុង្សៈទេវី សូមជួយបីបាច់ថែរក្សា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជន្មាយុយឺនយូរ ដើម្បីបានបន្តបម្រើ ប្រទេសជាតិ និងប្រជាជនកម្ពុជាតទៅទៀត។

​តាមប្រវត្តិត្រុដិ ជា​​​របាំ​ប្រជាប្រិយ​​ដ៏​​ពេញ​និយម​​​​​ក្នុង​ស្រទាប់​​​ប្រជាជន​ខ្មែរ​យូរ​លង់​ណាស់​មក​ហើយ។ ​ប្រជាជន​ខ្មែរ​តែង​លើក​យក​របាំ​ដ៏​ចំណាស់​មួយ​នេះ​មក​សម្ដែង​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​ថ្មី​ ដើម្បី​​​បណ្ដេញ​​គ្រោះ​​ឧបទ្រព​ចង្រៃ​ក្នុង​ឆ្នាំ​ចាស់​ចេញ​​​ និង​ជំនួស​​មក​​វិញ​​​នូវ​ភាព​សម្បូរ​សប្បាយ​ប្រកប​ដោយ​សុភមង្គល​សម្រាប់​ឆ្នាំ​ថ្មី។ ​របាំ​ត្រុដិទាក់​ទាញ​​ណាស់​ដោយសារ​វា​​មាន​សាច់​រឿង​ប្រទាក់​គ្នា​បង្កប់​ដោយ​អត្ថន័យ​គួរឱ្យ​ជក់ចិត្ត​​ មាន​ទាំង​តួអង្គ​ព្រាយ​បិសាច ព្រាន យក្ស​​ តាម​ប្រមាញ់ម្រឹគ​​​​ និង​មាន​ទាំង​​តួ​អង្គ​​​ក្ងោក​សួគ៌​​​ អម​ដោយ​​តន្ត្រី​​បុរាណ​​ និង​ចម្រៀង​​​​រៀបរាប់​​ដំណើរ​ដើម​ទង​​​យ៉ាង​ពីរោះ​រណ្ដំ​​​។

យោងតាមឯកសារ​ស្ដីពី​របាំ​ប្រជាប្រិយ​ខ្មែរ​របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ ព្រម​ទាំង​សមាជិក​ឆ្លើយឆ្លង​គ្រប់​ខេត្ត​ដែល​រៀបរៀង​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​ ព.ស២៥០៧​ គ.ស១៩៦៤ បាន​សរសេរ​ថា ​របាំ​នេះ​មាន​តែ​ក្នុង​ក្រុង​សៀមរាប និង​តំបន់​ខ្លះ​នៃ​ខេត្ត​បាត់ដំបង​ ត្រង់​ភូមិភាគ​ណា ​ដែល​នៅ​ជាប់​នឹង​ខេត្ត​សៀមរាប​ប៉ុណ្ណោះ។ របាំ​នេះ​មាន​លេង​តែ​នៅ​ពេល​បុណ្យ​ចូលឆ្នាំខ្មែរ​ប៉ុណ្ណោះ ​ក្នុង​គោលបំណង​ដើម្បី​ប្រសិទ្ធនូវ​សព្ទសាធុការពរ​ជូន​ដល់​អ្នក​ស្រុក​ ក្នុង​ឱកាស​ឆ្នាំ​ថ្មី។ ឯកសារ​ដដែល​​ថា ​ ពាក្យ «ត្រុដិ» ជា​ពាក្យ​ដើម​មក​ពី​ភាសា​ សំស្ក្រឹត​ប្រែ​ថា​ ផ្ដាច់ ​ឬ​កាត់​ផ្ដាច់ ​គឺ​សំដៅ​ដល់​ការ​ផ្ដាច់​ឆ្នាំ​ ឬ​ការ​ផ្ដាច់​ឆ្នាំ​ចាស់​ចូល​ទៅ​ឆ្នាំ​ថ្មី​។ ប៉ុន្តែ​បើ​តាម​ទម្លាប់​របស់​អ្នកស្រុក​ខ្លះ ​គេ​មាន​លេង​របាំ​នេះ​នៅ​ពេល​ប្រារព្ធ​ពិធី​សុំ​ទឹក​ភ្លៀង​នៅ​គ្រា​ស្រុកទេស ​​មាន​ការ​រាំងស្ងួត​ជា​ច្រើន​ថ្ងៃ​ខែ​ម្ដងៗ​ដែរ។ ផ្អែកលើ​ឯកសារ​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​ជំនុំ​ទំនៀម ទម្លាប់​ខ្មែរ​​ដដែល​​​បាន​លើក​ឡើង​ទៀត​​ថា ប្រវត្តិ​និង​ដើម​កំណើត​នៃ​របាំ​ត្រុដិ​គឺ​មាន​ប្រភព​ច្រើន ​ ក្នុង​នោះ​មាន​ប្រភព​បែប​រឿង​និទាន ប្រភព​បែប​ជំនឿ​អ្នកស្រុក​ និង​ប្រភព​អ្នក​ស្រាវជ្រាវ។

ប៉ុន្តែ​បើ​ផ្អែក​​​លើ​​​ឯកសារ​ខ្លះ​ទៀត​ថា ​ របាំ​ត្រុដិមាន​ប្រវត្តិ​ចេញ​ពី​ជន​ជាតិ​ដើម​ភាគ​តិច​សំរ៉ែ តាំង​ពី​យូរយារ​​​ណាស់​មក​ហើយ។  ​វា​​ជា​មរតក​បន្ត​​ពី​​​​​ជំពូក​​​​ជនជាតិ​ដើម​ភាគ​តិច​​មួយ​នេះ ​​និង​​​​​​ជា​ចំណែក​មួយ​នៃ ​អារ្យធម៌​អំបូរ អូស្រ្តូអាស៊ី​យាង ដែល​​​បាន​ចាប់​​​កំណើត​នៅ​​ដែនដី​​​​​​ប្រទេស​កម្ពុជាតាំង​ពី​​​បុរាណ​កាល​​​រាប់​​ពាន់​ឆ្នាំ​​មុន។ ​​​​​ប្រពៃណីវប្បធម៌​​​ដ៏​យូរលង់​​​​​ ក៏​នៅ​បន្ត​​​រហូត​ដល់​​សង្គម​សម័យ​នា​បច្ចុប្បន្ន​ របាំ​ត្រុដិ តែង​ទទួល​ការ​ពេញ​និយម​​សម្ដែង​ក្នុង​កម្មវិធី​នានា​មុន​ឆ្នាំ​​ថ្មី​ប្រពៃណី​ជាតិ​ចូល​មក​ដល់។ ដូច្នេះការលេង​របាំ​ត្រុដិ គឺ​ដើម្បី​បណ្តេញ​ឧបទ្រពចង្រៃ​ក្នុង​ឆ្នាំ​ចាស់ និងនាំមក​នូវ​ភាពសម្បូរ​សប្បាយ​ប្រកបដោយ​សុភមង្គល​សម្រាប់​ឆ្នាំ​ថ្មី។

ជាទូទៅ​ការសម្តែង​របាំ​ត្រុដិ​នេះ​ច្រើន​ធ្វើឡើង​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ប៉ុន្តែ​ក៏មាន​មុនពេល​ចូលឆ្នាំ និងអំឡុងពេល​ចូលឆ្នាំ​ដែរ​។​ ​ពេលដែល​សម្តែង​ចប់​ម្តងៗ ក្រុម​របាំ​ត្រូវ​ច្រៀង​ជម្រាបលា​ម្ចាស់ផ្ទះ ហើយ​ម្ចាស់ផ្ទះ​ក៏បាន​យក​ទឹក​មក​ប្រោះព្រំ​ជូនពរ​ដល់​ក្រុម​របាំ​ទាំងអស់នោះ​វិញ​ដែរ។ ពុំ​នោះទេ គេ​មានជំនឿថា​ក្នុង​ឆ្នាំ​ខាងមុខ​អ្នកនោះ​នឹងមិន​ទទួលបាន​សិរី​សួស្តី​ឡើយ។ របាំ​នេះគឺមាន​អត្ថន័យ​ផ្តល់នូវ​ផលប្រយោជន៍ សុភមង្គល​ដល់​មនុស្ស​គ្រប់រូប និង​បណ្តេញ​ឧបទ្រពចង្រៃ​ចេញពីផ្ទះ ពី​ភូមិ​ស្រុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ផងដែរ៕

ដោយ ប៉ាល់ សុង