គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបង្ក្រាបឱសថបុរាណចិនប៉ូវកម្លាំង ជំនួយផ្លូវភេទចំនួន៣ទីតាំង ក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩​ — ឯកឧត្តមនាយ ឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានមានប្រសាសន៍ថា ការចុះ ប្រតិបត្តិការ​ពិសេសកងកម្លាំងរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​សហ​ការជាមួយស្ថាប័នពាក់ព័ន្ធបានចុះប្រតិបត្តិការធ្វើការឆែកឆេរ តាមរយៈប្រភពព័ត៌មាន​របស់​កម្លាំង​សម្ងាត់បានផ្តល់ព័ត៌មានមកនៅលើទីតាំងលក់ឧសថបុរាណចិនចំនួន៣កន្លែងនៅតាម​ដងមហាវិថីហ្សាលដឺហ្គោល ក្នុងរាជធានីភ្នំពេញ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីការចុះបង្ក្រាបឱសថបុរាណចិនប៉ូវកម្លាំងជំនួយផ្លូវភេទ(ថ្នាំសម្រើប) កាលពីថ្ងៃទី០៩ខែមេសាឆ្នាំ២០១៩នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមនាយ ឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានរក ឃើញនៅប្រភេទឱសថដែលបានចុះបញ្ជិកាដែលផុតសុពលភាព និងមិនមានការអនុញ្ញាត​មានចំនួនជាច្រើន ហើយក៏បានរកឃើញប្រភេទឱសថដែលគេហៅថា បង្កើនការចំណង់​ផ្លូវភេទ បង្កើនភាពស្រើបស្រាល ឬប្រភេទថ្នាំសម្រើប ឱសថប្រភេទសម្រើបរវាងបុរស និងបុរស និងថ្នាំសម្រើបប្រើប្រាស់ជាមួយស្រ្តី និងមានឱសថជាច្រើនប្រភេទសរុប ចំនួន​១០.៨០០គ្រាប់។ ឯកឧត្តមបានបន្ដថា ម្ចាស់ទីតាំងទាំង៣កន្លែងនេះ កងកម្លាំងប្រតិបត្តិការ ពិសេសកំពុងតែកសាងសំណុំរឿងដោយសហការជាមួយតុលាការ ដើម្បីកំណត់ស្ថាន​ទម្ងន់​ទោស ដែលម្ចាស់ទីតាំងទាំងអស់នេះក៏មិនទាន់មានការរត់ទៅណាទេ ដោយស្ថិតនៅក្រោម​ការឃ្លាំមើលរបស់សមត្ថកិច្ចក៏ដូចជាតុលាការ ពីព្រោះពួកគេ គឺជាជនជាតិកម្ពុជា។

ឯកឧត្តមបានបន្ថែមទៀតថា ម្ចាស់ឱសថទាំងបីទីតាំងនេះ គឺបាននាំចូលឱសថតាម ច្រកជាច្រើនកន្លែងដូចជាតាមច្រកព្រលានយន្តហោះ តាមច្រកព្រំដែនគោក និងនាំចូល​តាម​ច្រកជាប់ព្រំដែនពីប្រទេសជិតខាងកម្ពុជាផងដែរ។ ឯកឧត្តមបានអះអាងថា ចំពោះឱសថ​ទាំងអស់នេះ ត្រូវបញ្ជូនទៅតុលាការដើម្បីទុកជាភស្តុតាង សម្រាប់ធ្វើការចោទប្រកាន់ម្ចាស់​ទីតាំងលក់ឱសថទាំងបីកន្លែងនេះរួចហើយ ហើយក៏នឹងធ្វើការដុតកម្ចេចចោលនា​ពេលខាង មុខផងដែរ៕

ដោយ សំ សាម៉ន