ប្រជាពលរដ្ឋ​៖ តម្លៃទំនិញ និងការចំណាយកើនឡើងក្នុងពេលចូលឆ្នាំប្រពៃណីជាតិ

AKP ភ្នំពេញ ថ្ងៃទី​១០ ខែមេសា ឆ្នាំ២០១៩ ​– ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសចាត់ទុកពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាព្រឹត្តិការណ៍ប្រពៃណីដ៏មានអត្ថន័យបំផុត ដែលពួកគាត់តែងទន្ទឹងរង់ចាំសម្រាប់ការជួបជុំគ្រួសារប្រចាំឆ្នាំ ។

ក្នុងខែមេសា ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន ដែលហៅថា សង្រ្កាន្តឆ្នាំថ្មី ដូច្នេះរដូវកាលនេះ ការរំពឹងទុករបស់ពលរដ្ឋ ចំពោះការចំណាយអាចនឹងកើនឡើងខ្លាំងជាងពេលធម្មតា ។ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នឹងចូលមកដល់ក្នុងថ្ងៃ​អាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៣:១២នាទី​រសៀល ដែលទេវតាឆ្នាំថ្មី ព្រះនាមទុង្សទេវី ជាបុត្រីច្បងកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ក្រហម សៀតផ្កាទទឹមក្រហម បទុមរាជ ឬ ត្បូងទទឹមក្រហម​ ភក្សាហារផ្លែឧទុម្ពរ (ផ្លែល្វា) ព្រះហស្តស្តាំ ទ្រង់កងចក្រ ព្រះហស្តឆ្វេង ទ្រង់ខ្យងស័ង្ខ យានជំនិះសត្វគ្រុឌ ។

តាមជំនឿ និងទម្លាប់ពីដើមរៀងមក នៅមុនពេលពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់ ប្រជាជនតែងតែត្រៀមលក្ខណៈក្នុងការចំណាយច្រើនសម្រាប់ពេលពិធី និងក្នុងអំឡុងពេលពិធី ដោយការចំណាយទាំងនេះ គឺដើម្បីជំនឿផង និងដើម្បីការកំសាន្តសប្បាយជួបជុំបងប្អូន សាច់ញាតិផង ។

អ្នកស្រី សុខ សុធាវី ដែលជាអ្នកលក់ដូរក្នុងផ្សារធំថ្មី បានឱ្យដឹងថា បើទោះបីឆ្នាំថ្មីនេះទេវតាសោយផ្លែល្វាក៏ពិតមែន តែសម្រាប់យើងជាប្រជាពលរដ្ឋតែងតែមានការចំណាយផ្សេងៗទៀត សម្រាប់ក្រុមគ្រួសារ ការធ្វើបុណ្យទានផ្សេងៗ និងការតុបតែងផ្ទះសម្បែង ព្រមទាំងការធ្វើដំណើរទៅកាន់ស្រុកកំណើតផងដែរ ។អ្នកស្រីបានបន្តឱ្យដឹងទៀតថា ជាធម្មតាផ្លែល្វាមានតម្លៃមិនថ្លៃទេ តែយើងក៏មិនអាចថ្វាយតែផ្លែល្វាមួយមុខបានទេ យើងក៏មានផ្លែឈើផ្សេងៗទៀត ដូចជាផ្លែចេក ផ្លែក្រូច ផ្លែប៉ោម ផ្លែមៀន ជាដើម ដែលផ្លែឈើទាំងនេះសុទ្ធតែមានតម្លៃថ្លៃ ជាពិសេសនៅពេលពិធីមកដល់ ប្រាកដជាឡើងថ្លៃមិនខាន ។

ក្រៅពីផ្លែឈើ ប្រជាពលរដ្ឋនៅមានការចំណាយច្រើនទៅលើការគ្រឿងតុបតែង ដូចជាគោម ពាក្យស្លោក «សួស្តីឆ្នាំថ្មី» បាយសី ភេសជ្ជៈ ម្ហូបអាហារ និងទំនិញបន្ទាប់បន្សំជាច្រើនមុខទៀត ។ ក្នុងសប្តាហ៍នេះ ពាក្យស្លោក «សួស្តីឆ្នាំថ្មី» ត្រូវបានព្យួរយ៉ាងច្រើននៅតាមបណ្តាទីផ្សារសំខាន់ៗក្នុងរាជធានីភ្នំពេញ សម្រាប់អតិថិជនទិញយកទៅប្រើប្រាស់ជាគ្រឿងលម្អគេហដ្ឋាន ។

កញ្ញា លី រដ្ឋាលីតា​ ដែលជាអាជីវករម្នាក់ក្នុងផ្សារអូឡាំពិក រាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ពាក្យស្លោកនេះ មានតម្លៃចាប់ពី ២០.០០០រៀល ឡើងទៅ អាស្រ័យទៅតាមទំហំ និងរូបរាងដែលខុសៗគ្នាពីមួយទៅមួយ តែបើទំហំធំបំផុតមានតម្លៃ ៤២.០០០រៀល ឬប្រហាក់ប្រហែល១០ដុល្លារអាមេរិក ។

កញ្ញា បានបន្តថា​ ចំណែកគោមខ្មែររូបផ្កាយវិញ ក៏មានតម្លៃខុសគ្នាដែរ ហើយនឹងឡើងថ្លៃបន្តិចបន្តួចក្នុងឆ្នាំថ្មីនេះ ដោយសារតែការផលិតគោមខ្មែរនេះត្រូវចំណាយពេលយូរ និងប្រើឬស្សីបិទ តែវានៅតែជាទីពេញនិយមដដែល បើទោះបីតម្លៃឡើងបន្តិចបន្តួចក៏ដោយ ។ ម្ចាស់ចំការ និងជាអ្នកលក់នូវផ្លែឪឡឹក លោក សំ ឡូត រស់នៅក្នុងខេត្តកណ្តាលវិញ បាននិយាយថា ផ្លែឪឡឹកក៏ត្រូវការបំផុតដែរក្នុងពេលបុណ្យចូលឆ្នាំខ្មែរ ។ សម្រាប់ពេលនេះ ឪឡឹកមួយផ្លែតម្លៃចាប់ពី ៥.០០០រៀល ទៅ ១៥.០០០រៀល ទៅតាមទំហំនៃផ្លែរបស់វា ហើយសម្រាប់ពេលចូលឆ្នាំ វា (ផ្លែឪឡឹក) មិនឡើងថ្លៃទេ ដោយសារការបេះមកលក់ គឺគេទុកសម្រាប់ដល់ពេលនោះ (បុណ្យចូលឆ្នាំថ្មី) តែម្តង ។

អ្នកនាង ស្រ៊ុន ធារ៉ា ដែលជាអ្នកលក់ផ្កាម្លិះក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ បានឱ្យដឹងថា ផ្កាម្លិះជាផ្កាដែលមានក្លិនក្រអូប និងជាផ្កាដែលត្រូវការចាំបាច់បំផុតក្នុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ហើយក្នុងឆ្នាំនេះ ផ្កាម្លិះចេញផ្កាបានល្អបង្គួរ សម្រាប់រដូវកាលនេះ ។

អាជីវករលក់ផ្កាម្លិះបោះដុំ រូបនេះបានបន្តថា ផ្កាម្លិះក្នុងសប្តាហ៍នេះ ១គីឡូក្រាមតម្លៃ ៨០.០០០រៀល ទៅ ១០០.០០០រៀល ឬប្រហាក់ប្រហែល២៥ដុល្លារអាមេរិក​ ។ អ្នកនាង បានបន្ថែមថា តម្លៃផ្កាម្លិះក្នុងឆ្នាំនេះ គឺប្រហាក់ប្រហែលគ្នាទេ ដោយសារតែផ្កាក្នុងឆ្នាំនេះចេញបានល្អ ហើយអ្នកដាំក៏មានច្រើនដែរ ។

ក្រៅពីទំនិញទាំងនេះ នៅមានទំនិញ ជាច្រើនប្រភេទទៀតដែលប្រជាពលរដ្ឋត្រូវទិញ ហើយក៏នៅមានការចំណាយសម្រាប់ការធ្វើដំណើរ សម្រាប់ពេលកំសាន្ត សម្រាប់ធ្វើបុណ្យទានទៅតាមរដូវកាល ការចំណាយសម្រាប់ជូនចាស់ទុំ ញាត្តិសណ្តាន និងឪពុកម្តាយ នេះបើយោងតាមការលើកឡើងរបស់ លោក ជា ពិសី ជាអាជីវករម្នាក់ក្នុងផ្សារកណ្តាល រាជធានីភ្នំពេញ ។

លោក ជា ពិសី បានឱ្យដឹងថា​ ការចំណាយសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ គឺទៅតាមលទ្ធភាព និងសមត្ថភាព នៃធនធានគ្រួសារម្នាក់ៗ ដែលជាមធ្យម ប្រមាណពី៤០០ ទៅ៥០០ដុល្លារអាមេរិក ។
អាជីវករបោះដុំ និងរាយរូបនេះ បានបន្តថា ការចំណាយទៅលើរណ្តាប់ទទួលទេវត្តាឆ្នាំថ្មី ដែលមានដូចជាបាយសី ផ្កាភ្ញី ផ្លែឈើ និងភេសជ្ជៈ ខ្ទង់ប្រហាក់ប្រហែលពី ១២០.០០០រៀល ទៅ១៦០.០០០រៀល ឬ ៣០ ទៅ ៤០ដុល្លារអាមេរិក ។
លោក ជា ពិសី បានបន្តថា ការចំណាយចំពោះម្ហូបអាហារ ប្រហាក់ប្រហែល ៤០ដុល្លារអាមេរិក និងភេសជ្ជៈ ប្រមាណ៣០ដុល្លារអាមេរិក ការចំណាយទៅលើសាំងឡានសម្រាប់ទៅស្រុកកំណើតវិញប្រហាក់ប្រហែល១០០ដុល្លារអាមេរិក និងការជូនចាស់ទុំនៅស្រុកកំណើតប្រហែលមួយចំនួនទៀត ។

បើតាមលោក ជិន ម៉ានីន ដែលជាមន្ត្រីរាជការមួយរូប ការចំណាយរបស់ប្រជាពលរដ្ឋខ្មែរសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី គឺច្រើន។ លោកមិនទាន់បានគិតថាអស់ប៉ុន្មាននោះទេ ប៉ុន្តែសម្រាប់ភេសជ្ជៈ និងគ្រឿងកំប៉ុង ដែលលោកទិញសម្រាប់ចែកជូនចាស់ៗ គឺចូលប្រមាណជា ៣០០ដុល្លារអាមេរិកហើយ ៕

អត្ថបទ និងរូបភាព ដោយ ផល សុផានិត