គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍ដាក់ផែនការរៀបចំសេវាកម្សាន្ត កីឡាឱ្យបានល្អប្រសើរជូនភ្ញៀវជាតិ និងអន្តរជាតិ តាមទីសាធារណៈ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ភ្ញៀវ​ទេស​ចរជាតិ និងអន្តរជាតិ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានដាក់ចេញនូវគោលការណ៍រៀបចំសេវា​កម្សាន្ត​ខាងផ្នែកកីឡាឱ្យបានល្អប្រសើរជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិតាមទីសាធារណៈ។ ឯកឧត្តមបន្តថា ដើម្បីរៀបចំឱ្យក្លាយជាទីក្រុងថ្មី រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានជំរុញ និង​កំពុង​រៀបចំកន្លែងកម្សាន្តផ្នែកកីឡានៅតាមខេត្ត ទីក្រុង ទីប្រជុំជន និងសួនកម្សាន្ត​សាធារណៈ​ ដាក់ឱ្យមាន ដូចជា សម្ភារហាត់ប្រាណ ទីលានកីឡា​គ្រប់ប្រភេទសម្រាប់​ទេស​ចរណ៍ជាដើម ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡា ដែលជាចលនាអប់រំសុខភាពមួយ​ប្រកប​ដោយនិរន្តរភាពទៅថ្ងៃអនាគត។

ឯកឧត្តមបានបន្ថែមថា នៅតាមគោលដៅទេសចរណ៍ មួយ​ចំនួនត្រូវរៀបចំឱ្យមានផ្លូវរត់ ផ្លូវជិះកង់ ជាលក្ខណៈស្តង់ដារ ដូចជានៅតាមតំបន់អង្គរ និង តំបន់​ទេសចរធំៗ សម្រាប់ភ្ញៀវទេសចរដែលជាកីឡាករ កីឡការិនី ចូលចិត្តរត់នៅជុំវិញពិភព លោកមានជិត២០ភាគរយឱ្យមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ដូចជាព្រឹត្តិការណ៍រត់​ម៉ារ៉ាតុងអន្តរជាតិអង្គរ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ​ភ្នំពេញ ដែលមានអ្នកចូលរួមរត់រាប់ពាន់ រាប់ម៉ឺននាក់។

ឯកឧត្ដមបានបន្ថែមទៀតថា ព្រឹត្តិ ការណ៍កីឡា​ទាំងនេះ​ កំពុងជួយទ្រទ្រង់ដល់កំណើនស្ថិតិភ្ញៀវទេសចរ ទៅតាម កម្មវិធីអូស​ទាញ​ភ្ញៀវទេសចររបស់ក្រសួងទេសចរណ៍។ ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់​បន្ថែមទៀត ថា គិតឆ្នាំ២០១៩នេះ កម្ពុជាទើបតែមានកំណើនភ្ញៀវទេសចរជាកីឡា នៅក្រោម១០ភាគរយ នៅ​ឡើយទេ ដូច្នេះហើយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កំពុងខិតខំ បង្កើតផលិត ផលកីឡា-ទេសចរណ៍ថ្មីៗប្រកបដោយគុណភាព ដើម្បីទាក់ទាញកីឡាទេស ចរណ៍ឱ្យ​បាន​ច្រើន នាថ្ងៃអនាគត៕

ដោយ ហេង ណាលីន