ឯកឧត្ដម យន្ត មីន ដឹកនាំកិច្ចប្រជុំរៀបចំសន្តិសុខ និងបរិស្ថាននៅក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩​ — នាព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ខេត្តព្រះសីហនុ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ និងបរិស្ថានសាធារណៈនៅទូទាំងក្រុងឱ្យបានល្អប្រសើរ កិច្ចប្រជុំ ដោយមានការចូលរួមពីមន្ត្រីអាជ្ញាធរសង្កាត់ទាំង៦ និងកងកម្លាំងសមត្ថកិច្ច។ ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ រដ្ឋបាល ខេត្តបានរៀបចំសង្ក្រាន្តសមុទ្រលើកទី១ នៅឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ដើម្បីបង្ហាញពីសក្តានុពលវិស័យទេសចរណ៍ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្មនៅខេត្តព្រះសីហនុ ក្នុងគោលបំណងបង្ហាញ និងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត។

ឯកឧត្តម យន្ត មីន បន្តថា ដូច្នេះអាជ្ញាធរសង្កាត់ ភូមិ ត្រូវបំផុសប្រជាពលរដ្ឋនៅតាម មូលដ្ឋានរៀបចំបរិស្ថាន អនាម័យនៅតាមមុខផ្ទះ ទីសាធារណៈឱ្យបានស្អាតជាប់ជាប្រចាំ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នាពេលខាងមុខ ឱ្យទទួលបានជោគជ័យ និងធានាសន្តិសុខ សុវត្ថិភាព និងបរិស្ថានល្អ សម្រាប់ប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុ ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តនៅ ខេត្តព្រះសីហនុ។ ទន្ទឹមនោះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្ត ក៏បានរៀបចំកម្មវិធីសង្កា្រន្តសមុទ្រនៅឆ្នេរឯករាជ្យ ដែលមានកម្មវិធីជាច្រើនដូចជា ការបង្ហាញ ស្តង់ពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ មានល្បែងប្រជាប្រិយ បណ្តែតគោមទឹក បង្ហោះគោម បាញ់កាំជ្រួច និងការប្រគំតន្ត្រី អបអសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅឆ្នេរឯករាជ្យ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុសង្ឃឹមថា ឆ្នាំនេះ ខេត្តព្រះសីហនុនឹងទទួលបាននូវ កំណើនភ្ញៀវទេសចរមកលេងកម្សាន្តច្រើនជាងឆ្នាំកន្លងមកជាក់ជាមិនខាន៕

ដោយ ងូ សុមុនី