សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ជូនពរ សម្តេចប្រធានរដ្ឋសភា ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ សមាជិករដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៅឯគេហដ្ឋានរបស់សម្ដេចក្នុងរាជធានីភ្នំពេញ។

ជាមួយកន្រ្តក់ផ្កាដ៏ស្រស់ស្អាត និងសារលិខិតជូនពរ គណៈកម្មាធិការអចិន្ត្រៃយ៍ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ងួន ញុិល អនុប្រធានទី១ នៃរដ្ឋសភា រួមជាមួយសមាជិករដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានលើកឡើងពីវីរភាពដ៏ឧត្តុង្គឧត្តមមិនអាចកាត់ថ្លៃបានរបស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នៅក្នុងបុព្វហេតុនៃការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបានបន្តចូលរួមស្ដារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើនរហូតមក។ គុណូបការៈ និងគំរូវីរភាពដ៏ថ្លៃថ្លានេះ បានចារឹកជាប់នៅក្នុងដួងចិត្តកូនខ្មែរគ្រប់ៗរូបមិនអាចបំភ្លេចបានឡើយ។

នៅក្នុងសារលិខិតជូនពរ ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំង៣ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព្រះនាម ទុង្សាទេវី សូមព្រះអង្គតាមជួយថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ៕