បទយកការណ៍៖ អ្នកជំនាញកីឡាហាប់គីដូមិនអាក់អន់ចិត្តនោះទេ ខណៈឃើញប្រភេទកីឡា សក្តានុពលនានាទទួលបានប្រាក់រង្វាន់ដ៏ច្រើនជាបន្តបន្ទាប់

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ — ក្រាញននៀលក្នុងជីវិតជាកីឡាករហាប់គីដូ តាំងពីកុមារភាព តាំងពីឆ្នាំ១៩៨៨មក លោក គង់ ចាន់ធីណា ដែលបច្ចុប្បន្នទទួលបន្ទុកជាអគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ និងជា គ្រូបង្វឹកផងនោះបានបង្ហាញនូវក្តីរីករាយ និងជួយអបអរសាទរចំពោះប្រភេទកីឡា​សក្តានុ​ពលនានាដែលឈ្នះមេដាយពីលើឆាកអន្តរជាតិព្រមជាមួយនឹងការទទួលប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលកម្ពុជាជាច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ ដោយកីឡាហាប់គីដូ ថ្វីដ្បិតតែមិនមែនជា​ប្រភេទកីឡាសក្តានុពល ប៉ុន្តែការលះបង់ពេលវេលា និងកម្លាំងកាយរបស់ខ្លួនជាមួយនឹង​ថ្នាក់ដឹកនាំ ក៏ដូចជាគ្រូបង្វឹកនានាពិតជាមិនតិចតួចឡើយ នៅក្នុងការខិតខំបំផុសស្មារតី បណ្តុះបណ្តាលយុវជន ដែលជាអ្នកស្នងវិស័យកីឡានេះតទៅថ្ងៃអនាគត។មុននឹងឈានជើង ចូលប្រឡូកក្នុងវិស័យកីឡាហាប់គីដូ លោក គង់ ចាន់ធីណាបានដើរមើលប្រភេទកីឡា​ផ្សេងៗ ទៀតជាច្រើន ប៉ុន្តែក្បាច់គុនហាប់គីដូ ដែលមានប្រភពមកពីប្រទេសកូរ៉េ​មួយនេះ​បានទាក់​យកបេះដូងរបស់លោកឱ្យចង់ហ្វឹកហាត់យ៉ាងខ្លាំង ដោយកាលនោះមានតែក្លិបសម្រាប់ការ​ហ្វឹកហាត់ប៉ុណ្ណោះ មិនទាន់មានសហព័ន្ធកីឡាជាតិដូចបច្ចុប្បន្ននោះឡើយ។ ដោយលោក​បានឃើញក្បាច់លោតទាត់ ក្បាច់ក្លេជាដើមនោះ គឺលោកចង់ចេះក្បាច់គុនមួយនេះ ដើម្បី​សុខភាពផង និងបានការពារខ្លួនផង។ ប៉ុន្ដែការប្តេជ្ញាចិត្តខ្ពស់ស្របតាមការស្រឡាញ់របស់ខ្លួន និងការហ្វឹកហាត់នោះទើបធ្វើឱ្យកីឡាករម្នាក់ដ៏លេចធ្លោរូបនេះប្រែក្លាយមកជាគ្រូបង្វឹកមួយរូប នាឆ្នាំ២០០០។ បន្ទាប់មកនៅឆ្នាំ២០០៧ លោកក៏ទទួលបានការលើកទឹកចិត្តឱ្យ​មកកាន់កាប់​ដំណែងជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ ហើយបច្ចុប្បន្នលោកទទួលបាន​កម្រិត​ខ្សែក្រវាត់ខ្មៅកម្រិត៦ជាន់ ដែលលោកគ្រូហ្គ្រេនម៉ាស្ទ័ លោក សេង ប៊ុនសុង បំពាក់ជូនលោក កាលពីឆ្នាំ២០១៦កន្លងមក។

លោកក៏បានបង្ហាញពីមូលហេតុ ដែលនាំឱ្យវិស័យកីឡា ហាប់​គីដូនេះ មិនសូវសម្បូរធនធានអត្តពលិក ដោយសារតែការហ្វឹកហាត់ក្បាច់គុននេះ មានតម្លៃ ថ្លៃបន្តិច។ លោកបានរម្លឹកថា កាលពីទសវត្ស៦០ តាមការឱ្យដឹងបន្តពី ចាស់ៗព្រឹទ្ធាចារ្យនោះ គឺការហ្វឹកហាត់ជាមួយគ្រូបង្វឹកមកពីប្រទេសកូរ៉េនោះមានតម្លៃប្រហែលស្មើនឹង ១ដំឡឹងមាស ក្នុង១ខែ ដែលធ្វើឱ្យកីឡាជំនាញមួយនេះក្រក្សត់អ្នកចេះដឹង ដែលទាល់តែកូនអ្នកមាន​ធន​ធាន ឬកូនអ្នកធូរធារទើបអាចហាត់ក្បាច់គុននេះបាន។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ លោក គង់ ចាន់ធីណា បានបញ្ជាក់ថា “យើងមិនធ្វើដូចសម័យមុនទៀតឡើយ ដោយធ្វើយ៉ាងណាឱ្យ​តែយុវជន ឬកុមារដែលមានចិត្តចង់ហាត់អាចមកហាត់បាន ដោយមិនតម្រូវឱ្យបង់​ថ្លៃតាមការ​កំណត់របស់យើងទេ ដោយគិតទៅលើកម្រិតជីវភាពជាក់ស្តែង។

គោលបំណងនៃការបង់​ថ្លៃតាមជីវភាពជាក់ស្តែងនេះមិនត្រឹមតែជួយពូនជ្រុំវិស័យកីឡានេះឱ្យល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់កិច្ចការសង្គមផងដែរ ដោយនៅពេលពួកគាត់ទំនេរ​គឺមក​ហាត់កីឡា មិនយកពេលទៅប្រព្រឹត្តអំពើអបាយមុខៗផ្សេង និងប្រើប្រាស់គ្រឿងញៀន បំផ្លាញសង្គមជាតិយើង។” លោកបានបន្ដថា ជាគោល ដៅបំផុសស្មារតីកៀរគរឱ្យយុវជន​ចូលរួមហ្វឹកហាត់កាន់តែច្រើន ដើម្បីអភិវឌ្ឍន៍វិស័យកីឡាហាប់គីដូឱ្យបានសម្បូរបែបសិន បើកាលណាមិនមានបរិមាណទេ ក៏យើងមិនអាចរកធនធានកីឡាករកីឡាករិនីប្រកបដោយ គុណភាពខ្ពស់ សម្រាប់ជាតិ នាថ្ងៃអនាគតបានឡើយ។

ជាមួយនឹងការខិតខំបណ្តុះបណ្តាលថ្នាលយុវជន និងកុមារ លោក គង់ ចាន់ធីណា បានបង្ហាត់សិស្សគុនបានប្រមាណ៥.០០០នាក់ហើយ បើគិតចាប់តាំងពីលោកបានក្លាយ​ជា​គ្រូបង្វឹក កាលពីឆ្នាំ២០០០រហូតដល់ បច្ចុប្បន្ន ដោយបង្ហាត់សិស្សគុននៅសួនច្បារនៅ​មុខវត្ត​បទុមវតីជាង១០ឆ្នាំ នៅសាលារៀនឯកជន និងនៅ សាលហ្វឹកហាត់លើអគារសហព័ន្ធកីឡា​សូហ្វតិន្នីស ដែលមានឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ជាអនុប្រធាន សហព័ន្ធកីឡាសូហ្វតិន្នីស​បានអនុញ្ញាតផ្តល់ទីតាំងសម្រាប់ការហ្វឹកហាត់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជា​ទីតាំង​​ហ្វឹកហាត់សមរម្យ ដែលលោកគ្រូរូបនេះបានប្រមូលអ្នកហាត់នៅបណ្តាលក្លិបនានា​ហ្វឹកហាត់ ផ្ទាល់នៅទីនេះតែម្តង ហើយទាក់ទាញបានអ្នកចូលរួមហ្វឹកហាត់ទាំងយុវជន និង កុមារា កុមារីមានការកើនឡើងច្រើន។ ជាមួយនឹងរយៈពេល២០ឆ្នាំ ដែលលោក គង់ ចាន់ធីណា បានក្រាញននៀលនៅក្នុងអាជីពជាគ្រូបង្វឹកមក លោកមិនដែលអស់សង្ឃឹម និងតូចចិត្តនឹងប្រភេទកីឡាហាប់គីដូនេះឡើយ ដោយលោកអះអាងថា យើងធ្វើកីឡាដូចគេ និងយូរឆ្នាំដែរហើយ ប៉ុន្តែអភ័ព្វដោយសារតែប្រភេទកីឡាហាប់គីដូមិនមាននៅក្នុងការប្រកួត ស៊ីហ្គេម អូឡាំពិកហ្គេម ឬព្រឹត្តិការណ៍ប្រកួតអន្តរជាតិនានានោះឡើយ។ “ខ្ញុំសប្បាយចិត្ត ដោយសារខ្ញុំបានបណ្តុះបណ្តាលយុវជនឱ្យមាន សុខភាពល្អ បញ្ញាវាងវៃ និងមានសាមគ្គីភាព មិត្តភាពជាមួយគ្នាកាន់តែល្អប្រសើរ ពីព្រោះថា គោលដៅនៃការ ហាត់កីឡាធ្វើឱ្យអ្នកហាត់ រៀន​ទាំងឡាយមានភាពរឹងមាំនៃរាង្គកាយ ដែលនេះគឺជាការរួមចំណែកជាមួយជាតិ នៅក្នុង ការមិនអស់លុយលើការព្យាបាលជំងឺ បើកាលណាសុខភាពប្រជាជនយើងល្អរឹងមាំ នោះមិន អស់ថ្លៃ សេវាព្យាបាលជំងឺឡើយ។ ម្យ៉ាងទៀតការហាត់កីឡានេះ​ក៏បានបញ្ចៀសយុវជនគេច​ផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលជួយជំរុញដល់ចលនាយុវវ័យមាន​ពេល​វេលាសិក្សា ហ្វឹកហាត់កីឡា ដើម្បីកសាង ប្រទេសជាតិ នាថ្ងៃអនាគត។” នេះជាការបញ្ជាក់ បន្ថែមរបស់លោក គង់ ចាន់ធីណា។

លោកបានបន្ថែមទៀតថា អ្វីដែលលោកសប្បាយចិត្តនឹងអាជីពកីឡាមួយនេះ គឺលោក បានកសាង ដឹកនាំពង្រឹងវិស័យកីឡាហាប់គីដូឱ្យមានការទទួលស្គាល់ពីមហាជនខ្មែរទូទៅ ដែលកាលពីមុនគេមិនសូវស្គាល់ថាអ្វីជាប្រភេទកីឡាហាប់គីដូ នោះទេ។ ជាមួយនឹងឆន្ទៈ ដ៏មុះមុត ក្រាញននៀលនឹងការលំបាកទាំងឡាយនោះ ក៏បានបង្ហាញឱ្យឃើញនូវស្នាមញញឹម ជានិច្ច ទោះបីជាប្រភេទកីឡាហាប់គីដូ មិនពេញនិយម មិនមានសក្តានុពល សម្រាប់ការ ប្រកួតដណ្តើម មេដាយនៅលើឆាកអន្តរជាតិជាមួយនឹងការផ្តល់ជូនលើកទឹកចិត្ត ប្រាក់រង្វាន់ ពីរាជរដ្ឋាភិបាលកម្ពុជាយ៉ាងច្រើន សន្ធឹកសន្ធាប់ ដូចប្រភេទកីឡាផ្សេងៗយ៉ាងណាក៏ដោយ។ លោកបានអះអាងថា “ដូច្នេះខ្ញុំពិតជាមានមោទនភាព ហើយអត់មានការសោកស្តាយទាល់ តែសោះ ចំពោះរូបខ្ញុំផ្ទាល់ ដែលធ្វើកីឡានេះមិនដែលទទួលអ្វីនឹងគេ”។

ជាមួយគ្នានេះដែរ លោកគង់ ចាន់ធីណា មានកូន៣នាក់ ប្រុស១ ស្រី២ នាក់ក៏ចេះក្បាច់​គុនហាប់គីដូនេះដែរ ដោយកូនប្រុសរបស់លោកមានកម្រិតបច្ចេកទេសខ្ពស់ ដែលអាចចេញ​ទៅប្រកួតជាលក្ខណៈអន្តរជាតិបាន នៅក្នុងឱកាសណាមួយ។ ប្រភេទកីឡាហាប់គីដូ គឺជា​ក្បាច់គុនចម្រុះមានដើមកំណើតនៅប្រទេសកូរ៉េខាងត្បួង ហើយត្រូវបាននាំចូលមកកម្ពុជា កាលពីឆ្នាំ១៩៦៩មកម្ល៉េះ ប៉ុន្តែទើបនៅឆ្នាំ២០០១ កីឡាហាប់គីដូត្រូវបានបង្កើតជាសហព័ន្ធខ្មែរ កីឡាហាប់គីដូជាផ្លូវការ។ នៅក្នុងខែមីនា ឆ្នាំ២០១៩ សហព័ន្ធកីឡាជាតិមួយនេះ​បានរៀប​ចំ​មហាសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅ៦ចំណុចធំៗ នាឆ្នាំ២០១៩ ដោយថ្នាក់ដឹកនាំបានប្តេជ្ញាចិត្តថា នឹងរៀបចំការប្រកួតជើងឯក ឬ ពានរង្វាន់​នានាឱ្យបាន ក្នុងឆ្នាំ២០១៩នេះ ដើម្បីគោលដៅអភិវឌ្ឍន៍វិស័យកីឡា ហាប់គីដូឱ្យរីកចម្រើន។ទន្ទឹមនេះ អង្គមហាសន្និបាត ដែលអញ្ជើញចូលរួមពីឯកឧត្តម ម៉ក់ សំអុល ប្រធានសហព័ន្ធ​ខ្មែរ កីឡាហាប់គីដូបានដាក់ចេញនូវទិសដៅធំៗ សម្រាប់ឆ្នាំ២០១៩ ដូចជាខិតខំទំនាក់ទំនង និងបង្កើតក្លិបនៅតាម រាជធានី ខេត្តបន្ថែម, រៀបចំបណ្ដុះបណ្ដាលថ្នាលបន្ថែមទៀត បង្កើន ការផ្សព្វផ្សាយកីឡាហាប់គីដូឱ្យទូលំទូលាយ, ជួយពង្រឹងបច្ចេកទេសគ្រូបង្វឹកតាមក្លិប, បង្កើន ទំនាក់ទំនងជាមួយស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ និងងព្យាយាមបង្កើនឱ្យ​មាន ការប្រកួតជើងឯក និងពានរង្វាន់ផ្សេងៗ ដើម្បីឱ្យសមស្របនឹងកំណើនអ្នកហាត់ នាពេល បច្ចុប្បន្ន។ ក្រៅពីនេះ សហព័ន្ធក៏កំពុងកំណត់ទិសដៅថានឹងរៀបចំការប្រកួតឱ្យបាន ដើម្បី វាស់ស្ទង់ និងសម្រិតសម្រាំងធនធានកីឡាករ-កីឡាការិនីល្អៗ ដើម្បីត្រៀមបញ្ជូនចូលរួម​ប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា នាពេលខាងមុខ។ ក្នុងនាមសហព័ន្ធកីឡា ហាប់គីដូ កម្ពុជា ឯកឧត្តម ម៉ក់ សំអុល ក៏បានបំផុសស្មារតីឱ្យយុវជននានា ឬអាណាព្យាបាលបញ្ជូនកូន តូចៗរបស់ខ្លួនមកចូលរួមហាត់កីឡាហាប់គីដូឱ្យបានច្រើនកុះករ ដើម្បីឱ្យសហព័ន្ធកីឡាជាតិ​មួយនេះមានលទ្ធភាពកសាងនូវធនធានថ្នាលប្រកបដោយគុណភាព និងកាន់តែសម្បូរបែប សម្រាប់ជាតិ នាថ្ងៃអនាគត ខណៈ បច្ចុប្បន្ននេះកីឡាករកីឡាការិនីលើវិស័យហាប់គីដូកម្ពុជា នៅមានចំនួនតិចតួចនៅឡើយ ហើយក៏មិនទាន់បាន រៀបចំការប្រកួតថ្នាក់ជាតិ ឬចូលរួម​ក្នុងព្រឹត្តិការណ៍អន្តរជាតិនៅឡើយ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូកម្ពុជាបានកត់​សម្គាល់​ឃើញថា ពេលនេះធនធានកីឡា ករកីឡាការិនីហាប់គីដូនៅមានកម្រិតនៅឡើយ ដូច្នេះលោក​សំណូមពរឱ្យក្មេងៗ និងយុវជននានាមកចូលរួមចុះឈ្មោះហ្វឹកហាត់ឱ្យបានច្រើន។ លោកក៏​បានគូសបញ្ជាក់ឱ្យដឹងទៀតថា តាមធម្មតា ការហ្វឹកហាត់ក្នុងរយៈពេល១ ខែប្រកួតប្រឡង ឡើងខ្សែក្រវាត់តាមកម្រិតនីមួយៗម្តង ដើម្បីជាការលើកទឹកចិត្តឱ្យអ្នកហាត់ទាំងឡាយចង់ ហាត់ឈានទៅរក ក្បាច់កាន់តែពិសេសៗជាបន្តទៀត។ អ្នកជំនាញក្បាច់គុនហាប់គីដូរូបនេះ​បន្ថែមទៀតថា អ្វីដែលត្រូវខិតខំធ្វើនាពេលនេះ គឺត្រូវបង្កើនបរិមាណនូវធនធាន​ឱ្យកាន់តែ​សម្បូរបែបជាមុនសិន។ នាថ្ងៃអនាគត លោកជឿជាក់ថា វិស័យកីឡាហាប់គីដូនឹងរីកចម្រើន និងអាចឈានដល់ការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិជាក់ជាមិនខាន។

លោកអគ្គលេខាធិការរូបនេះក៏បានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិ​បាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែលើកទឹកចិត្តដល់​គ្រប់ប្រភេទកីឡាទាំងអស់ ឱ្យកាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយក្នុងពេលដំណាល​គ្នានោះ វិស័យកីឡាហាប់គីដូក៏បានរីកធំធាត់ ក្នុងពេលជាមួយគ្នានោះដែរ។ តែបើទោះបីជា​ប្រភេទកីឡាហាប់គីដូ មិនមែនជាប្រភេទកីឡាសក្តានុពល ឈរនៅលំដាប់ជួរមុខ ដែល​ដណ្តើម​បានមេដាយមាស ប្រាក់ និងសំរិទ្ធិពីលើឆាកអន្តរជាតិ និងទទួលប្រាក់រង្វាន់លើក ទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជាក្តី ក៏លោកមិនបានបង្ហាញឱ្យឃើញនូវការអាក់អន់ចិត្តនោះទេ ផ្ទុយទៅវិញលោកក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធនៅតែដាក់គោលដៅប្រកបដោយឆន្ទៈខ្ពស់ ក្នុងការប្រឹងប្រែងអភិវឌ្ឍន៍វិស័យកីឡា ជំនាញមួយនេះឱ្យមានការអភិវឌ្ឍទៅមុខជានិច្ច។គួររម្លឹកថា ក្បាច់គុនហាប់គីដូនេះ គឺមានប្រភពមកពីប្រទេសកូរ៉េ ដែលភាគច្រើន​គេបង្ហាត់ដល់កងកម្លាំង ប្រដាប់អាវុធ កងអង្គរក្ស សម្រាប់ការប្រយុទ្ធ និងការការពារខ្លួន ដែលកំពុងពេញនិយមខ្លាំងនៅលើពិភពលោក ដោយប្រភេទក្បាច់គុនមួយនេះ ប្រមូលផ្តុំ ដោយស្នៀតការពារខ្លួនជាច្រើន។ លំហូរនៃក្បាច់គុននេះចូលមកកម្ពុជា តាំងពីអំឡុងឆ្នាំ ទស្សវត្សរ៍៦០ ហើយអ្នកហាត់ហាប់គីដូនេះធ្វើឱ្យយើងមានភាពស្វាហាប់ មាំមួន វាងវៃ រហ័ស រហួន ក្នុងការប្រតិបត្តិក្បាច់គុននេះបានគ្រប់កាលៈទេសៈទាំងអស់៕

ដោយ ហេង​ ណាលីន និងអ៊ុន រិទ្ធី