បេសកជន អ.ស.ប សម្រាប់យេម៉ែនចាកចេញពីក្រុងសាណាអា បន្ទាប់ពីចរចាជាមួយពួកឧទ្ទាមហ៊ូធី

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ — បេសកជនពិសេស អ.ស.ប សម្រាប់ប្រទេសយេម៉ែន លោក Martin Griffiths បានចាកចេញពីរដ្ឋធានីសាណាអា កាលពីថ្ងៃអង្គារ បន្ទាប់ពីធ្វើទស្សនកិច្ចមួយថ្ងៃដែលក្នុងអំឡុងពេលនោះ លោកបានព្យាយាមជំរុញក្រុមឧទ្ទាមហ៊ូធី ឱ្យអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពមួយ ដែលបានគាំងដំណើរនោះ ។

ទូរទស្សន៍  al-Masirah របស់ពួកហ៊ូធីរាយការណ៍ថា លោក Griffiths បានធ្វើកិច្ចប្រជុំមួយនៅពេល លោកទៅដល់កាលពីថ្ងៃចន្ទ ជាមួយលោក  Abdulmalik al- Houthi ប្រមុខក្រុមឧទ្ទាមដើម្បីធ្វើការពិភាក្សាគ្នានូវដំណោះស្រាយវិបត្តិនេះ ។

 គេមិនអនុញ្ញាតឱ្យពួកអ្នកកាសែតជួបបេសកជន អ.ស.ប ទេ ។  កិច្ចព្រមព្រៀងសន្តិភាពមួយ ដែលបានសម្រេចរវាងភាគីយេម៉ែនដែលច្បាំងគ្នា កាលពីខែធ្នូ ឆ្នាំកន្លង ទៅបានជួបប្រទះនឹងភាពទាល់ច្រកមួយ ។ កិច្ចព្រមព្រៀងជំហានដំបូងឆ្ពោះទៅស្វែងរកដំណោះស្រាយនយោបាយដ៏ទូលំទូលាយមួយនោះបានផ្តោតទៅលើទីក្រុងកំពង់ផែ  Hodeidah ជាកំពង់ផែយ៉ាងសំខាន់បំផុតសម្រាប់ការនាំចូលពាណិជ្ជកម្ម និងជំនួយមនុស្សធម៌របស់ប្រទេសយេម៉ែន ។

ថ្វីបើភាគីច្បាំងគ្នាទាំងពីរ ជាទូទៅបានគោរពកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ក៏ពួកគេមិនបានដកកងកម្លាំងចេញពីទីក្រុងនេះទេ។ លោក Griffiths បាននឹងកំពុងធ្វើដំណើរទៅមករវាងពួកឧទ្ទាមហ៊ូធី ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ ក្នុងទី ក្រុងសាណាអា នឹងរដ្ឋាភិបាលយេម៉ែន ដែលនិទេសខ្លួន ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ដែលបានផ្ទះឡើង បន្ទាប់ពីពួកឧទ្ទាមចាប់យកបានភាគច្រើននៅខាងជើងរបស់ប្រទេសនេះ កាលពីចុងឆ្នាំ ២០១៤ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )