ប្រធានាធិបតីកូរ៉េខាងត្បូងនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយលោក Trump ស្តីអំពីប្រទេសកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ — កាលពីថ្ងៃពុធ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានចាប់ផ្តើមធ្វើដំណើរ​ទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាជាមួយសមភាគីអាម៉េរិកលោក Donald Trump អំពី​មធ្យោបាយដើម្បីចាប់ផ្តើមការសន្ទនាគ្នារវាងអាម៉េរិក និងកូរ៉េខាងជើងស្តីអំពីការបញ្ចប់ មហិច្ឆតា​ខាងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

យោងតាមការិយាល័យប្រធានាធិបតី Cheong Wa Dae បានឱ្យដឹងថា លោក មូន​ និង​លោក ត្រាំ នឹងជួបគ្នានៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាម៉េរិក) មួយថ្ងៃបន្ទាប់ពីលោក មូន ​មកដល់​ទីក្រុងវ៉ាស៊ីនតោន។

កិច្ចប្រជុំកំពូលនាពេលខាងមុខនេះ នឹងក្លាយជាជុំទីប្រាំពីរ ចាប់តាំងពីលោក មូន​ បាន​ចូលកាន់តំណែងកាលពីខែឧសភា ឆ្នាំ ២០១៧។ វាកើតឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី២ និងកិច្ចប្រជុំចុងក្រោយកាលពីពេល​ថ្មីៗ​នេះ​របស់លោក ត្រាំ ​ជាមួយមេដឹកនាំកូរ៉េខាងជើងលោក ​គីម ជុង-អ៊ុន ដែលបានបរាជ័យដោយ​បង្ក​ឱ្យមានភាពជាប់គាំង បាននឹងកំពុងបន្តនៅក្នុងកិច្ចចរចាការធ្វើមិនឱ្យមាននុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

តាម Cheong Wa Dae បានឱ្យដឹងថា លោក Kim Hyun-chong អនុប្រធាន​ការិយា​ល័យ​សន្តិសុខជាតិ (NSO) បាននិយាយថា កិច្ចប្រជុំកំពូលនាពេលខាងមុខ (កូរ៉េខាងត្បូង និងអាម៉េរិក) ត្រូវបានធ្វើឡើង​ស្របពេលដែល​មាន​ការព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បី​ធ្វើ​ឱ្យមានសន្ទុះឡើងវិញសម្រាប់កិច្ចសន្ទនា​បន្ទាប់ពីជំនួបកំពូលនៅទីក្រុងហាណូយ។  

មន្ដ្រី NSO បានទទូចថា ក្រុងសេអ៊ូល និងវ៉ាស៊ីងតោនបានយល់ស្របទាំងស្រុងលើ​តម្រូវការ​ដើម្បីបញ្ចប់ការធ្វើមិនឱ្យនុយក្លេអ៊ែរកូរ៉េខាងជើងទាំងស្រុង និងពីរបៀបដើម្បីសម្រេច​គោល​ដៅ​បែបនេះ។

លោក ត្រាំ  ទទូចថា​ កូរ៉េខាងជើងត្រូវតែប្រឈមនឹងការដាក់ទណ្ឌកម្មរហូតទាល់តែ​កូរ៉េ​ខាងជើងបានបញ្ចប់យ៉ាងពេញលេញនូវការរំសាយនុយក្លេអ៊ែរ ខណៈពេលដែលលោក មូន ​បាន​សង្កត់ធ្ងន់លើសេចក្តីត្រូវការ ដើម្បីផ្តល់ជូនកូរ៉េខាងជើងយ៉ាងហោចណាស់ « ជារង្វាន់តាម​ដំណាក់កាល ៗ » ដើម្បីលើកទឹកចិត្តដល់កូរ៉េខាងជើងដែលក្រីក្រនេះ។

មន្រ្តីជាន់ខ្ពស់ Cheong Wa Dae បាននិយាយថា លោក មូន និង លោក ត្រាំ ទំនង​ជានឹងពិភាក្សាគ្នាថា តើប្រទេសនានាគួរតែផ្តល់រង្វាន់ជាលំដាប់ៗបែបណា ចំពោះកូរ៉េខាងជើង​នៅពេលពួកគេជួបប្រជុំនៅ  សប្តាហ៍នេះ ដោយជាក់ស្តែងនូវទទួលស្គាល់គម្លាតរវាងសម្ព័ន្ធមិត្ត​និងអ្វីដែលគួរតែត្រូវបានផ្តល់ដល់កូរ៉េខាងជើង ក្នុងការដោះដូរសម្រាប់ការដកអាវុធ​នុយក្លេ​អ៊ែរ និងពេលវេលានៃសម្បទានទាំងនោះ។

កិច្ចចរចានុយក្លេអ៊ែររបស់កូរ៉េខាងជើង-អាម៉េរិក​ បានជាប់គាំងចាប់តាំងពីកិច្ចប្រជុំ​កំពូល​ទីក្រុងហាណូយ​បានបរាជ័យរួចមក។

លោក មូន នឹងទំនងជាចង់ធ្វើកិច្ចចរចាជាមួយមេដឹកនាំកូរ៉េខាងជើង​បន្ទាប់ពីកិច្ចចរចា ជាមួយលោក ត្រាំ ដែលមុននេះបានស្នើសុំមេដឹកនាំកូរ៉េខាងត្បូងជួយសម្រួលការសន្ទនានា​ពេលអនាគតជាមួយលោកគីម។

ទីប្រឹក្សាសន្តិសុខកំពូលរបស់លោក មូន និងលោក Chung Eui-yong ប្រធានអង្គការ NSO បានកត់សម្គាល់ថា លោកប្រធានាធិបតីក៏អាចបញ្ជូនបេសកជនពិសេសទៅកាន់​កូរ៉េ​ខាង​ជើងដើម្បីបញ្ជូនសាររបស់លោកទៅកាន់លោក គីម៕

 ( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )