ទីក្រុងសេអ៊ូលលុបចោលលិខិតសុំសាងសង់សម្រាប់អគារថ្មីរបស់ស្ថានទូតជប៉ុន

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ — ពួកមន្រ្តីក្រុងបាននិយាយកាលពីថ្ងៃពុធថា ការអនុញ្ញាតសាងសង់អាគារស្ថានទូត​ជប៉ុន​ថ្មីនៅកណ្តាលទីក្រុងសេអ៊ូលត្រូវបានដកហូតវិញដោយសារតែការពន្យារពេលសាងសង់។

ការិយាល័យ Wong Jongno Ward របស់ក្រុងសេអ៊ូលបាននិយាយថា​ ខ្លួនបានជូន​ដំណឹង​ដល់ស្ថានទូតជប៉ុនកាលពីថ្ងៃទី០៤ ខែមីនា អំពីការលុបចោលការអនុញ្ញាតឱ្យ​សាង​សង់​អាគារដែលបានចេញកាលពីឆ្នាំ ២០១៥។

ការដកហូតនេះបានកើតឡើងនៅពេលដែលរដ្ឋាភិបាលជប៉ុន បានពន្យារពេលការ​ចាប់ផ្តើម​សាងសង់អគារស្ថានទូតថ្មីនៅក្នុងរដ្ឋធានីរបស់កូរ៉េខាងត្បូង ដោយសារតែហេតុផល​មិនច្បាស់លាស់ បន្ទាប់ពីទទួលបានការអនុញ្ញាតសាងសង់កាលពី ៤ ឆ្នាំមុន។

មន្ត្រីនៅការិយាល័យ Jongno Ward បាននិយាយថា មន្រ្តីស្ថានទូតជប៉ុនបាននិយាយ​នៅក្នុងកិច្ចប្រជុំមួយនៅចុងខែកុម្ភៈថា ពួកគេនឹងទទួលយកការលុបចោលការអនុញ្ញាត​សាង​សង់ដោយសារតែការសាងសង់មិនអាចចាប់ផ្តើមបានទេ ដោយសារតែស្ថានភាពនៅ​ក្នុង​ប្រទេស​របស់ពួកគេ ដោយយោងតាមនីតិវិធីច្បាប់។

នៅក្រោមច្បាប់សាងសង់មូលដ្ឋានការសាងសង់ គួរចាប់ផ្តើមក្នុងរយៈពេលមួយ​ឆ្នាំ​បន្ទាប់ពីការអនុញ្ញាតឱ្យសាងសង់។ នៅពេលដែលជៀសមិនរួចការពន្យារពេលនៃការ​អនុញ្ញាត​ឱ្យសាងសង់អាចត្រូវបានស្នើសុំ។ ប្រសិនបើគ្មានការស្នើសុំពន្យារពេលលិខិត​អនុញ្ញាត​អាចត្រូវបានលុប​ចោល បន្ទាប់ពីរយៈពេលពីរឆ្នាំ។

នៅឆ្នាំ២០១៥ ស្ថានទូតជប៉ុនបានរុះរើអគារចាស់របស់ខ្លួននៅលើផ្លូវ Yulgok ក្នុង​សង្កាត់ Jongno Ward ហើយបានផ្លាស់ទៅលំនៅដ្ឋានក្បែរនោះ។ នៅពេលនោះ​រដ្ឋាភិបាល​ជប៉ុនបាននិយាយថា ខ្លួននឹងសាងសង់អគារស្ថានទូតថ្មីមួយនៅលើអតីតតំបន់នោះ​ដោយ​មានកម្ពស់ ៦ជាន់ និងជាន់ក្រោមចំនួន៣ នៅឆ្នាំ ២០២០ ។

មន្ត្រីនៅការិយាល័យការិយាល័យ Jongno Ward បាននិយាយថា ពួកគេបានស្នើសុំ​ស្ថានទូតជប៉ុនឱ្យចាប់ផ្តើមការសាងសង់អគារថ្មីជាច្រើនដង ​ប៉ុន្ដែបេសកកម្មជប៉ុនមិនបាន​ឆ្លើយតបគ្រប់ពេល។

មន្ត្រីសំណង់ Jongno Ward បាននិយាយថា «​ការសាងសង់អាចចាប់ផ្តើមនៅពេលណា​ក៏បាន ប្រសិន​បើមានការអនុញ្ញាតឱ្យសាងសង់ឡើងវិញ​ ប៉ុន្តែមិនមានទំនាក់ទំនងពីភាគីជប៉ុន​ទេ បន្ទាប់ពីការលុបចោលនេះ » ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក  មាស សំអុល )