សភាកម្ពុជា ចូលរួមពង្រឹងតួនាទីត្រួតពិនិត្យថវិការដ្ឋជាមួយភាគីឡាវ និងវៀតណាម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

សភាកម្ពុជា ចូលរួមពង្រឹងតួនាទីត្រួតពិនិត្យថវិការដ្ឋជាមួយភាគីឡាវ និងវៀតណាម ដើម្បីធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលបម្រើផលប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ។


ការចូលរួមនេះ ធ្វើឡើងតាមរយៈ សិក្ខាសាលាលើកទី៨ស្តីពី«ការពង្រឹងតួនាទីសភា ក្នុងការត្រួតពិនិត្យទៅលើថវិការបស់រដ្ឋាភិបាល» ដែលបាននឹងកំពុងធ្វើឡើងនៅក្នុងខេត្តហ្លួងព្រះបាង ប្រទេសឡាវ ពីថ្ងៃទី៨-១១ ខែមេសានេះ ដែលភាគីកម្ពុជាមានឯកឧត្តម ឡូយ សុផាត ប្រធានស្តីទីគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាកម្ពុជា ភាគីឡាមានវឯកឧត្តម វិឡាវង្ស ប៊ូដាខាំ ប្រធានគណៈកម្មាធិការផែនការ ហិរញ្ញវត្ថុ និងសវនកម្ម នៃរដ្ឋសភាឡាវ និងភាគីវៀតណាម មានឯកឧត្តម ង្វៀន ដុក ហាយ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកា នៃរដ្ឋសភាវៀតណាម និងអង្គការធនាគាពិភពលោក និងអង្គការពាក់ព័ន្ធមួយចំនួនទៀត ក្រោមពិធីបើកដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ផានី យ៉ាថទូ ប្រធានរដ្ឋសភាឡាវ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឲ្យដឹងថា សិក្ខាសិលាត្រីភាគីនេះ ក៏មានកិច្ចព្រមព្រៀងលើអនុសារណៈយោគយល់គ្នា ស្តីពីផែនការកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយគ្នា ដោយផ្តោតសំខាន់លើតួនាទីសភា ក្នុងការតាមដាន ត្រួតពិនិត្យនូវការអនុវត្តប្រកបដោយប្រសិទ្ធភាពលើថវិកាជាតិ និងហិរញ្ញវត្ថុសាធារណៈ ដើម្បីផលប្រយោជន៍ និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ។
គណៈកម្មការជំនាញរដ្ឋសភា នៃប្រទេសទាំងបី ក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ និងការអនុវត្តប្រសើរ ក្នុងចំណោមគណៈកម្មការទទួលបន្ទុកថវិកា ហិរញ្ញវត្ថុ និងសវនកម្ម និង អញ្ជើញអ្នកឯកទេសមកពីប្រទេសផ្សេងៗទៀត។ ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដោយឲ្យមានការចូលរួមពីតំណាងស្ថាប័នបច្ចេកទេស រួមមានក្រសួងហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្ម នៃប្រទេសទាំងបួន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ បន្តស្វាគមន៍ និងលើកទឹកចិត្តដល់អង្គការអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក មូលនិធិរូបីយវត្ថុអន្តរជាតិ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធដទៃទៀត ក្នុងការចូលរួមគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់ការរៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងតួនាទីសភា ក្នុងការត្រួតពិនិត្យទៅលើថវិការបស់រដ្ឋាភិបាល» ព្រមទាំងជំនួយគាំទ្រសម្រាប់ការបណ្តុះបណ្តាលរយៈពេលខ្លី និងទស្សនកិច្ចសិក្សានៅក្រៅប្រទេសរួមគ្នា លើការត្រួតពិនិត្យ និងតាមដានថវិកាជាតិ ហិរញ្ញវត្ថុសាធារណៈ និងភារកិច្ចទទួលខុសត្រូវផ្សេងទៀតរបស់គណៈកម្មការជំនាញរដ្ឋសភា នៃប្រទេសទាំងបួន៕