នាវាទេសចរណ៍ NORWEGIAN JEWEK នាំភ្ញៀវទេសចរចូលមកទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ -ព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ នាវាទេសចរណ៍បរទេសប្រភេទធុនធំមួយគ្រឿងមានឈ្មោះ NORWEGIAN JEWEK   បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកប ដោយសុវត្ថិភាព មុននឹងចាកចេញទៅកាន់ប្រទេសវៀតណាម ។

តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរណ៍ NORWEGIAN JEWEK មានសញ្ជាតិ BAHAMAS បណ្តោយប្រវែង ២៩៤.១៣ម៉ែត្រ ទទឹង ៣២.២០ម៉ែត្រ និងជម្រៅទឹក ៨.២០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ២.៤៥៣នាក់ មកពីប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាល ពីវេលាម៉ោង ៧ និង ១០នាទី ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ ។ នាវា NORWEGIAN JEWEK មានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង ១៧ និង ៣០នាទីថ្ងៃដដែល ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ NORWEGIAN JEWEK   មានចំនួនសរុប ២.៤៥៣នាក់ ស្រី ១.៣២៤នាក់ មាន ៥៥សញ្ជាតិ  និងមាននាវិក ១.០៧៦នាក់ ស្រី ២៦២នាក់ មាន ៥៨សញ្ជាតិ ។ ភ្ញៀវទេសចរដែលមានសញ្ជាតិច្រើនជាងគេមាន USA ៨៤០នាក់ Australia ៣៦៩នាក់ British ២៤៤នាក់ ។

ភ្ញៀវទេសចរបានធ្វើដំណើរទៅទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ក្នុងទីប្រជុំជនផ្សារ តាមតំបន់មាត់សមុទ្រ និងតាមតំបន់នេសាទ (ទំនប់រលក) សង្កាត់លេខ១ ក្នុងក្រុងព្រះសីហនុ និងទៅទស្សនាតំបន់ទេសចរណ៍មួយចំនួនក្នុងខេត្ដកំពត ៕

ដោយ ងូ សុមុនី