កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ឱ្យដឹងថា​ កាល​ពី​ថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិ  ន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ ឆ្នាំ២០១៩។​

នៅក្នុង​ឱកាសនោះ ឯកឧត្ដម ស៊ុន ចាន់ថុល​ បានគូសបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យស្លាប់ របួស និងការបាត់បង់ទ្រព្យសម្បត្តិ តាមរយៈការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ការជួសជុលថែទាំផ្លូវ បំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា ចែកមួកសុវត្ថិភាព និងរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ជាដើម។

ជាមួយគ្នានេះផងដែរ ឯកឧត្តមបានស្នើឱ្យបង្កើនកិច្ចសហការ ពង្រឹងការអនុវត្តច្បាប់ ធ្វើយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈអំពីច្បាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយវីដេអូអប់រំតាមទូរទស្សន៍ពីផលវិបាក និងការខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ យុទ្ធនាការចែកមួកសុវត្ថិភាព ក៏ដូចជាស្ទីគ័រចំណាំងផ្លាត និងយុទ្ធនាការផ្សេងៗថែមទៀត ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។

​ ឯកឧត្ដមក៏បានស្នើឱ្យក្រុមហ៊ុនឯកជន ក៏ដូចជារោងចក្រនានានៅកម្ពុជា ជួយរៀប ចំកម្មវិធីបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់បុគ្គលិក កម្មករ និយោ ជិត និងអ្នកបើកបររថយន្តរបស់ខ្លួន និងបានស្នើឱ្យគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បង្កើតក្រុមការងារប្រចាំការមួយសហការជាមួយកំពង់ផែ និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ដើម្បីត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងអ្នកបើកបរយានយន្តធុនធ្ងន់គ្មានប័ណ្ណបើកបរ មុនពេលចេញ-ចូលកំពង់ផែ និងមុនពេលចេញដំណើរដឹកអ្នកដំណើរ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ទន្ទឹមនឹង​នេះ​ ឯកឧត្ដមក៏បានគូសបញ្ជាក់ផងដែរអំពីអត្ថប្រយោជន៍នៃការដាក់ឱ្យប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ណ៍ដែលកើតឡើងដោយសារជង្ហុក សំបុកមាន់ និងផ្លូវខូច ព្រមទាំងជួយឱ្យប្រជាពលរដ្ឋធ្វើដំណើរលើប្រព័ន្ធបណ្តាញផ្លូវប្រកបដោយសុវត្ថិភាព។ កម្មវិធីនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋរាយការណ៍អំពីផ្លូវខូច និងផ្លូវជង្ហុក សំបុកមាន់ ទៅកាន់ក្រុមការងារមានសមត្ថកិច្ច ដើម្បីចុះមកជួសជុលបានទាន់ពេលវេលា។​

សូមបញ្ជាក់ថា​ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរា  ចរណ៍ផ្លូវគោកឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ បានកើតឡើងចំនួន ១.០៧៦លើក មានការកើនឡើងចំនួន ២៥៧ករណី ស្មើនឹង៣១ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៨កន្លងទៅ ស្លាប់កើនឡើង ៣៣នាក់ ស្មើនឹង៧ភាគរយ និងរបួសកើន ៣៥៨នាក់ ស្នើនឹង ២៩ភាគរយ។ ករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើងនេះ បង្កដោយការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ វ៉ាជែង បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរក្នុងពេលស្រវឹង ងងុយ កត្តាយានយន្ត និងការមិនគោរពច្បាប់ចរាចរណ៍ផងដែរ៕

ដោយ ទេស ច័ន្ទសុធារី​

រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​