ក្នុងត្រីមាសទី១ឆ្នាំ២០១៩នេះ នៅខេត្តតាកែវគ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីរិតមនុស្សអស់១២នាក់

AKP តាកែវ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ -តាមប្រសាសន៍របស់លោកវរសេនីយ៍ឯក សៅ ច័ន្ទសំណាង នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃ ស្នងការនគរបាលខេត្តតាកែវ កាលពីថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ​បានឱ្យដឹងថា ​ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ នៅខេត្តតាកែវមានគ្រោះថា្នក់ចរាចរណ៍បានកើតឡើងចំនួន២៥លើក បណ្តាលឱ្យមនុស្សរងគ្រោះសរុបចំនួន៣៧នាក់ ស្រី០៣នាក់ ក្នុងនោះស្លាប់១២នាក់ រងរបួសធ្ងន់ចំនួន១៥នាក់ រងរបួសស្រាលចំនួន១១នាក់ និងបណ្តាលឱ្យខូចខាតមធ្យោបាយ សរុបចំនួន៤៣គ្រឿង ក្នុងនោះរថយន្តធំ០៨គ្រឿង រថយន្តតូច២១គ្រឿង ម៉ូតូ១០គ្រឿង និងយាន្តផ្សេងៗ០៤គ្រឿង។ គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩នេះ បើប្រៀបធៀបនឹងឆ្នាំ២០១៨កន្លងទៅ ក្នុងរយៈពេលដូចគ្នាគឺ ២៥លើកដូចគ្នា តែមនុស្សស្លាប់ថយចុះ០៨នាក់ ​របូសធ្ងន់ថយចុះ១២នាក់ របួសស្រាលកើនឡើង០៨នាក់។

លោកវរសេនីយ៍ឯក​ សៅ ច័ន្ទសំណាង មានប្រសាសន៍បន្តថា ​មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរកើតមានមកពីអ្នកបើកបរធ្វេសប្រហែស និងបំពានច្បាប់។ អ្នកប្រើប្រាស់ផ្លូវបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង ការបត់ ការជែង ការដឹកលើសចំណុះ ការមិនពាក់មួកសុវត្ថិភាព។ល។ គ្រោះថ្នាក់ធ្ងន់ធ្ងរទាំងនេះច្រើនកើតឡើងនៅពេលមានកម្មវិធី បុណ្យជាតិនៅពេលយប់ នៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាក។ ម៉្យាងទៀតការយល់ដឹងអំពីច្បាប់ចរាចរណ៍នៅមានកម្រិត និងស្មារតីគោរពច្បាប់របស់អ្នកប្រើប្រាស់ផ្លូវមួយចំនួន ដែលខ្លាចនគរបាលជាជាងខ្លាចច្បាប់ ជាពិសេសអ្នកបើកបរទោចក្រយាន្តយន្ត អ្នកបើកបរ រថយន្តដឹកកម្មករ ដឹកអ្នកដំណើរ ដឹកទំនិញ ។ ជាមួយគ្នានេះដែរពិតមែនតែបានដំណើរការជាច្រើ​ននូវសកម្មភាពផ្សព្វផ្សាយអប់រំ ណែនាំបង្កើនការយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅតាមមូលដ្ឋាន ប៉ុន្តែស្មារតីចូលរួមបង្កើនការយល់ដឹង និងការអនុវត្តច្បាប់នៅមានកម្រិត។

លោកនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តតាកែវមានប្រសាសន៍បន្ថែមថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការិយាល័យបានបញ្ជ្រាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ដល់មន្រ្តីអនុវត្តន៍ច្បាប់ និងប្រជាពលរដ្ឋឱ្យកាន់តែយល់ច្បាស់ពីច្បាប់ចរាចរណ៍។ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចំនួន៨លើក ដល់សិស្សានុសិស្សនៅតាមវិទ្យាល័យ អនុវិទ្យាល័យនានានៅទូទាំងខេត្តតាកែវ ដែលមានសិស្សានុសិស្សសរុបចំនួន ៣.៦៦៧នាក់ ស្រី ១.៥៣៦នាក់ ។ ព្រមទាំងបានចែកមួកសុវត្ថិភាពចំនួន១០០មួក សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៦០ក្បាល និងឯកសារពាក់ព័ន្ធមួយចំនូនទៀត។ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកតាមរយៈវេទិកាសាធារណៈបានចំនួន១៥លើក មានមុនស្សចួលរួមចំនួន ១.៧៣៧នាក់ ស្រី ៨៧៥នាក់ ។ បានផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីតាមរយៈវិទ្យុ (FM)ជាតិ គោកធ្លកខេត្តតាកែវជាប្រចាំ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចន្លោះពីម៉ោង៦ព្រឹកដល់ម៉ោង៧ព្រឹក រយៈពេល១៥នាទីក្នុងមួយថ្ងៃ៕

ដោយ អ៊ុច សៀង