ក្រសួង​ពាណិជ្ជកម្ម​រៀបចំ​កិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញាលើកទី​៩

AKP ភ្នំពេញ ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹងថា​  កាលពីថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម​ ប៉ាន សូរស័ក្តិ​ រដ្ឋ   មន្ត្រីក្រសួង​ពាណិជ្ជកម្ម​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​កម្មសិទ្ធិបញ្ញា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​​កម្ម​សិទ្ធិ​បញ្ញា​លើកទី​៩ ស្តីពីការបូកសរុបលទ្ធផល​ការងារ​កម្មសិទ្ធិបញ្ញា ឆ្នាំ​២០១៨ និង​ផែនការការងារ​ឆ្នាំ​២០១៩​។​

ប្រភពដដែល​បាន​គូសបញ្ជាក់ថា​​ កិច្ចប្រជុំនេះ​រៀបចំឡើងក្នុងគោលបំណងដើម្បី​ បូកសរុបរបាយកាណ៍ស្តីពីលទ្ធផលការងាររបស់គណៈកម្មាធិការជាតិគ្រប់​គ្រង​កម្មសិទ្ធិបញ្ញា ឆ្នាំ២០១៨ ពិនិត្យមើលបញ្ហាប្រឈមដែលបានអនុវត្តន៍កន្លងមក កំណត់ទិសដៅការងារឆ្នាំ២០១៩ ដើម្បីកៀរគរជំនួយពីដៃគូអភិវឌ្ឍន៍នានា និងអនុម័តលើរបាយការណ៍បូកសរុបលទ្ធផល និងទិសដៅការងារ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលសំដៅសុំអនុសាសន៍ណែនាំបន្ថែម។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តម ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងបានស្នើសុំសមា  ជិក​​ទាំងអស់នៃគណៈកម្មាធិការជាតិមួយនេះ បន្តខិតខំជំរុញការអនុវត្តច្បាប់កម្មសិទិ្ធបញ្ញា និងច្បាប់ពាក់ព័ន្ធវិស័យកម្មសិទ្ធិបញ្ញាឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីជាកម្លាំងចលករសម្រាប់អភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការកោតសរសើរចំពោះក្រសួងទាំង ១៤ ដែលជាសមាជិកគណៈកម្មាធិការជាតិ ដែលបានប្រឹងប្រែងសហការអនុវត្តន៍វិស័យកម្មសិទ្ធិបញ្ញាជាតិ រហូតទទួលបានលទ្ធផលជាទីគាប់ប្រសើរ និងបានដាក់ចេញទិសដៅផែនការ ដើម្បីអនុវត្តន៍នៅក្នុង២០១៩ ដោយជោគជ័យ។

ទន្ទឹមនឹង​នេះ​ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណសមាជិកទាំងអស់ដែលបានផ្តល់ ធាតុចូលសំខាន់ៗដល់ក្រសួងពាណិជ្ជកម្ម ដែលជាប្រធានគណៈកម្មាធិការជាតិ ដើម្បីចងក្រងរបាយការណ៍ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានកត់សម្គាល់ពីកិច្ចប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបញ្ជ្រាប និងបញ្ចូលមុខវិជ្ជាកម្មសិទិ្ធបញ្ញា ទៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យា    ល័យ និងឧត្តមសិក្សា ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស សំដៅបម្រើការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា៕

ដោយ ទេស ច័ន្ទសុធារី​

រូបភាព៖ ក្រសួង​ពាណិជ្ជកម្ម​