រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គាំទ្រគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារសិក្សា និងកីឡារបស់​ខេត្តសានស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ -ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះ​គម្រោងវិនិយោគរបស់ប្រតិភូធុរជនចិននៃខេត្តសានស៊ី ដែលចង់បង្កើតរោងចក្រផលិត​សម្ភារ​សិក្សា និងកីឡានៅកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ជាពិសេសវិស័យអប់រំជាតិ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា។ នេះបើ យោង​​តាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបពិភាក្សាជាមួយប្រតិភូធុរជនចិនខេត្តសានស៊ី ដឹកនាំដោយលោក វ៉ាង លីពីង (Wang Liping) ប្រធានក្រុមហ៊ុន GuangBo Group Co., Ltd និងជាលេខាធិការគណៈ​កម្មការបក្ស​នៃ​សភាប្រជាជនទី១២ កាលពីថ្ងៃអង្គារ៍ ទី០៩ ខែមេសា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងពាណិជ្ជ​កម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសក្តានុពលនៃទីតាំងភូមិសាស្ត្រ​ប្រទេស​កម្ពុជា គោលនយោបាយគាំពារវិនិយោគ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គម្រោង Plus One នៅតាមតំបន់សេដ្ឋកិច្ចពិសេស និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាល ចំពោះ​វិនិយោគិនបរទេស។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៩កំពុងធ្វើប្រតិបត្តិការ សម្រាប់ផ្តល់ឱ្យវិនិយោគិនបើករោងចក្រ ដើម្បីទទួលបានការលើក​លែង​ពន្ធ​លើប្រាក់ចំណេញ៩ឆ្នាំ អាចគ្រប់គ្រងភាគហ៊ុន ១០០ភាគរយ ហើយអាចនាំចេញ​ផលិតផលទៅកាន់ទីផ្សារក្នុងតំបន់(អាស៊ាន) សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប នៅក្រោម​កម្មវិធីអនុគ្រោះពន្ធថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើង អំពីកិច្ចប្រឹងប្រែងរបស់រាជ​រដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការកាត់បន្ថយ​សកម្មភាពការិយាធិបតេយ្យ ការសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ផ្លូវគមនាគមន៍ ព្រលានយន្ត​ហោះ កំពង់ផែអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស) ការបណ្តុះបណ្តាលធនធានមនុស្ស ការចងក្រង និងធ្វើវិសោធនកម្មច្បាប់ថ្មីៗ សំដៅគាំទ្រការអភិវឌ្ឍវិស័យឯកជន និងពង្រឹង​ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។

លោក វ៉ាង លីពីង និងសហការី បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែល​បានគាំទ្រគម្រោងវិនិយោគខាងលើ និងបានចែករំលែកនូវព័ត៌មានសំខាន់ៗ ទាក់ទង​ឱកាស​វិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោកបានសន្យាថា នឹងពិនិត្យលទ្ធភាពពង្រីកកា​រ​វិនិយោគ​មកកម្ពុជា នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មប្រទេស​ទាំងពីរ នៅក្រោមក្របខ័ណ្ឌខ្សែក្រវា​ត់១ និងផ្លូវ១ សំដៅរួមចំណែកបង្កើតឱកាសការងារ និងប្រាក់​ចំណូលជូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាមួយរាជ​រដ្ឋាភិបា​ល​ កម្ពុជា៕

ដោយ អ៊ុន រិទ្ធី