អភិបាលខេត្តមណ្ឌលគិរី បើកការដ្ឋានសាងសង់ស្ពានបេតុង នៅឃុំមេម៉ង់

AKP មណ្ឌលគិរី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ -នៅថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានសាងសង់ស្ពានបេតុង ព្រមទាំងដាក់ឱ្យប្រើប្រាស់បណ្ដោះអាសន្នស្ពានបាឡេ ឆ្លងកាត់អូរទេ ឋិតក្នុងភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ឯកឧត្តម ស្វាយ សំអ៊ាង បានប្រសាសន៍រម្លឹកអំពីអតីតកាលនៃហេដ្ឋារចនាសម្ព័ន្ធ ក្នុងឃុំមេម៉ង់ ដែលពុំទាន់មានផ្លូវ និង ស្ពាន គឺពិបាកធ្វើដំណើរពីក្រុងសែនមនោរម្យ មកឃុំមេម៉ង់ និង ឃុំចុងផ្លាស់ ស្រុកកែវសីមា នេះណាស់ ។ ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាការលំបាករបស់អាជ្ញាធរខេត្ត ហើយរាជរដ្ឋាភិបាលកម្ពុជាបានគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខ និងផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងបច្ចុប្បន្ននេះខេត្តមណ្ឌលគិរី មានប្រព័ន្ធផ្លូវធ្វើដំណើរ និងស្ពានសម្រាប់ឆ្លងកាត់អូរទេ ដែលកន្លងមកបងប្អូនប្រជាពលរដ្ឋពិបាកធ្វើដំណើរឆ្លងកាត់។ យើងបានជំរុញ និងលើកឡើងអំពីគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌល គិរី ធ្វើយ៉ាងណាស្វែងរក និង កៀរគរដៃគូ និងពន្លឿនការសាងសង់ស្ពាននេះជូនប្រជាពលរដ្ឋឱ្យបានកាន់តែឆាប់រួចរាល់ និងស្វែងរកក្រុមហ៊ុនដើម្បីរួមចំណែកកសាងសមិទ្ធផលនានាសម្រាប់បម្រើដល់ផលប្រយោជន៍រួមក្នុងមូលដ្ឋានឃុំ ស្រុក ខេត្ត ដែលរដ្ឋបាលខេត្តមណ្ឌលគិរី មានតម្រូវការសមិទ្ធផលជាច្រើនទៀត។

ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់មន្ទីរអភិវឌ្ឍន៍ជនបទ និង កងវិស្វកម្ម ព្រមទាំងអ្នកពាក់ព័ន្ធ ដែលបានជួយគិតគូរ និងជំរុញហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍន៍មូល    ដ្ឋានក្នុងខេត្តមណ្ឌលគិរី ឱ្យមានការរីចចម្រើនយ៉ាងលឿន ៕

ដោយ ណយ នឿន