អភិបាលរាជធានីភ្នំពេញស្នើឱ្យអង្គការសង្គមស៊ីវិលទាំងអស់ ត្រូវបន្ដសហការជាមួយអាជ្ញាធរ ដើម្បីប្រសិទ្ធភាពការងារប្រកបដោយសមធម៌នៅក្នុងសង្គម

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ​ឆ្នាំ២០១៩ -ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានស្នើដល់សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក សមាគមអង្គការមិនមែនរដ្ឋាភិបាលបរទេស ធ្វើសកម្មភាពដោយសេរីគ្មានការគំរាមកំហែង និងមិនលម្អៀង ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែន    រដ្ឋាភិបាល គោលការណ៍ណែនាំបទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

អភិបាលរាជធានីភ្នំពេញបានស្នើបែបនេះខណៈដែលឯកឧត្ដមអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ជាមួយ សមាគមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅក្នុងមូលដ្ឋាន ខណ្ឌ រាជធានីភ្នំពេញ ក្រោមប្រធានបទស្ដីពីភាពជាដៃគូប្រកបដោយ ការទទួលខុសត្រូវ កាលពីព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ការបង្កើតឱ្យមានច្បាប់ស្តីពីសមគម និងអង្គការមិនមែនរដ្ឋាភិបាល គឺក្នុងគោលបំណងការពារសិទ្ធិសេរីភាពនៃការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ រវាងសមាគមអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ និងមានគោលដៅកំណត់បែបបទទទួលស្គាល់តាមផ្លូវច្បាប់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឱ្យមានបុគ្គលភាពគតិយុត្ត ។ ព្រមទាំងកំណត់ទំនាក់ទំនង រវាងសមាគមអង្គការមិនមែនរដ្ឋាភិបាលជាមួយនឹងអាជ្ញាធរសាធារណៈក្នុងការអភិវឌ្ឍសង្គម លើគ្រប់វិស័យគឺគ្មានបំណងណាមួយក្នុងការគាបសង្កត់កម្រិតសិទ្ធិសេរីភាពបុគ្គល ឬអង្គការសង្គមស៊ីវិលក្នុងការបញ្ចេញមតិ និងការចូលរួមក្នុងសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ដូចមជ្ឈដ្ឋានខ្លះបានលើកឡើងនោះឡើយ។

ឯកឧត្ដម បានលើកឡើងថា គិតត្រឹមឆ្នាំ២០១៩កន្លងទៅ អង្គការសមាគមមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីនៅក្រសួងមហាផ្ទៃមានសរុប ៥.៥២៣អង្គភាព និងសមាគមអង្គការមិនមែនរដ្ឋាភិបាល បរទេសដែលបានចុះអនុស្សរណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានចំនួន ៤១៩អង្គភាព ក្នុងនោះអង្គការសមាគមមិនមែនរដ្ឋាភិបាលនិងសហគមន៍ ដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញមានចំនួន ៧២៩អង្គភាព បាននិងកំពុងប្រតិបត្តិការសកម្មភាពរបស់ខ្លួនដោយរលូន ស្របតាមច្បាប់ជាធរមានដោយ គ្មានការហាមឃាត់ ការរារាំងណាមួយឡើយ។ ជាមួយគ្នានេះតាមរយៈតួលេខខាងលើ បានបង្ហាញថា ចំនួនសមាគមអង្គការមិនមែនរដ្ឋាភិបាលគ្មានការថយចុះ ដូចការព្រួយបារម្ភរបស់បុគ្គលមួយចំនួនដែលជាញឹកញាប់ តែងតែចោទប្រកាន់មកលើរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ពីការដាក់កំហិតលើសិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលរួមទាំងសិទ្ធិសេរីភាព នៃការបញ្ចេញមតិនោះឡើយ។ សម្រាប់វេទិកាពិគ្រោះយោបល់ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូល ដ្ឋានរាជធានីភ្នំពេញ ព្រោះតែនេះគឺជាលើកទី១ សម្រាប់ឆ្នាំ២០១៩ និងជាលើកទី២ ហើយដែលរដ្ឋបាលរាជធានីភ្នំពេញបានចាត់ចែងរៀបចំព្រឹត្តិការណ៍នេះ បន្ទាប់ពីជំនួបនៃវេទិកាលើកដំបូងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ និងក្រោយពេលដែលក្រសួងមហាផ្ទៃត្រូវតែបានរៀបចំវេទិកានេះជាលើកទី២ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ថា ចំពោះប្រធានបទនៃអង្គវេទិកា យើងបានកំណត់យកប្រធានបទ ស្ដីពីភាពជាដៃគូប្រកបដោយការទទួលខុសត្រូវដែលប្រធានបទនេះ ចង់សំដៅទៅលើទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់ និងកំណត់ អំពីទំនួលខុសត្រូវរវាងអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលដើម្បីធានាថា រាល់សកម្មភាពដែលយើងបានធ្វើពិតជាបានគិតគូរអំពីឧត្តមប្រយោជន៍ជាតិ បម្រើផលប្រយោជន៍សាធារណៈនិងមិនប្រាសចាកពីគោលការណ៍ សណ្ដាប់ធ្នាប់សាធារណៈ។ ដូច្នេះក្នុងភាពជាដៃគូប្រកប ដោយការទទួលខុសត្រូវ យើងចាំបាច់ត្រូវមានភាពប្រាកដនិយម មានទំនុកចិត្តគោរពសិទ្ធិគ្នាគាំទ្រគ្នា និងយោគយល់អធ្យាស្រ័យគ្នា ព្រមទាំងរៀនសូត្រ និងចេះចែករំលែកបទពិសោធន៍ រវាងគ្នាទៅវិញទៅមកដោយភាពស្មោះត្រង់ និងឥតលាក់លៀម។ ជាមួយគ្នានេះដែរឯកឧត្ដមសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងវេទិកានេះនឹងលើកឡើង នូវមតិយោបល់ បញ្ហាប្រឈម ការរិះគន់ក្នុងន័យស្ថាបនា ក៏ដូចជាអនុសាសន៍ល្អៗដើម្បីធ្វើការពិភាក្សា វែកញែកស្វែងរកដំណោះស្រាយនិងកាលានុវត្តភាព និងភាពជាដៃគូរវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល។ រូបភាពចូលរួមទាំងឡាយ ដែលទទួលបានតាមរយៈវេទិកាពិគ្រោះយោបល់ក្នុងឱកាសនេះ នឹងត្រូវបានប្រើប្រាស់ជាត្រីវិស័យសម្រាប់តម្រង់ទិស និងកែលម្អភាពអសកម្មបំពេញបន្ថែម ចំណុចខ្វះខាត និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដូចអ្វីដែលយើងបានធ្វើក្នុងវេទិកាពិគ្រោះយោ  បល់លើកដំបូងកន្លងមកនោះ ។

ឯកឧត្ដម ក៏បានស្នើដល់សមាគមអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ក៏ដូចជាសមាគមអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើសកម្ម ភាពដោយសេរីគ្មានការគំរាមកំហែង និងមិនលម្អៀង ស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល គោលការណ៍ណែនាំ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ។ ឯកឧត្តមអភិបាលរាជធានីភ្នំបេញ ក៏បានស្នើឱ្យតំណាង ដៃគូអភិវឌ្ឍន៍ តំណាងសហគមន៍និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល ត្រូវបន្តការឧបត្ថម្ភគាំទ្រ និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋន គ្រប់លំដាប់ថ្នាក់ ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការផ្តល់សេវាសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច ឱ្យកាន់តែមានភាពរីកចម្រើន ក្នុងភាពជាដៃគូប្រកបដោយបរិយាប័ន្ននិងការទទួលខុសត្រូវខ្ពស់ ៕

ដោយសួស សំរិត