ឯកឧត្តមអភិបាលខេត្តសៀមរាបជួបពិភាក្សាការងារជាមួយសហគ្រឹនវ័យក្មេង

AKP សៀមរាប ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ -ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យប្រតិភូសហគ្រឹនវ័យក្មេង ដឹកនាំដោយលោក ឡាយ គឹមសួ ប្រធានសហគ្រឹនវ័យក្មេងកម្ពុជាខេត្តសៀមរាប ចូលជួបសម្តែងការគួរសម ដើមី្បទទួលបានអនុសាសន៍ បច្ចេកទេសមួយចំនួន ជាមូលដ្ឋានគ្រឹះសម្រាប់សហគ្រឹនវ័យក្មេងយកទៅអនុវត្តន៍ ព្រមទាំងបានធ្វើការបង្ហាញអំពីគម្រោងផែនការគោលរបស់សហគ្រឹនវ័យក្មេងសម្រាប់ទៅថ្ងៃអនាគតផងដែរ។ ការជួបសម្តែងការគួរសមនេះបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប។

លោក ឡាយ គឹមសួ បានលើកឡើងអំពីគម្រោងដែលពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ជាតិ និងប្រជាពលរដ្ឋខេត្តសៀមរាប ដោយផ្តោតទៅលើបញ្ហានៃសមាគមន៍សណ្ឋាគារ ផ្ទះសំណាក់ អំពីតម្លៃការស្នាក់នៅ ឱ្យបានត្រឹមត្រូវទៅតាមតម្លៃស្តង់ដារ លំដាប់សណ្ឋាគារ ដើមី្បធានាដល់សេវាផ្ទះសំណាក់ កុំឱ្យជះឥទ្ធិពលអាក្រក់ដល់វិស័យទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រ ដែលបាននិងកំពុងមានភាពទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាកម្សាន្ត។

លោកប្រធានសហគ្រឹនវ័យក្មេង ក៏បានលើកឡើងផងដែរ ពីបញ្ហាប្រឈមមួយចំនួនរបស់យុវជន ដោយកង្វះនូវចំណេះដឹងធនធានមនុស្ស មិនទទួលបានការបណ្តុះបណ្តាលមុខជំនាញ បច្ចេកទេសជាដើម។ ក្នុងពេលកន្លងមក សហគ្រឹនវ័យក្មេងក៏បានធ្វើការផ្លាស់ប្តូរនូវបទពិសោធន៍ បច្ចេកទេសជាមួយបណ្តាសហគ្រឹនវ័យក្មេងពីបណ្តាប្រទេសមួយចំនួន ក្នុងការបណ្តុះបណ្តាលនូវចំណេះដឹងបន្ថែម ដើមី្បបង្កើនធនធានមនុស្សនៅកម្ពុជា។

លោក ឡាយ គឹមសួ ក៏បានជម្រាបជូនឯកឧត្តមអភិបាលខេត្តផងដែរថា ក្រៅពីការងារស្នូល សហគ្រឹនវ័យក្មេង ក៏បានចូលរួមការងារសង្គមជាច្រើនផងដែរ ដូចជា ការជំរុញដល់សមាជិកសហគ្រឹន ទៅចូលរួមធ្វើការបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យក្នុងខេត្ត និងធ្វើការជឹះកង់ប្រមូលមូលនិធិ ដើមី្បទ្រទ្រង់ដល់មន្ទីរទេព្យគន្ធបុប្ភា ទៀតផង។

ឯកឧត្តម ទៀ សីហា បានកោតសរសើរពីភាពវ័យឆ្លាតរបស់សហគ្រឹនវ័យក្មេងកម្ពុជាខេត្តសៀមរាប  ដែលតែងស្វែងរកនូវកម្មវិធីថ្មីៗ ប្លែកៗ ដើមី្បកសាងអនាគតដល់យុវជនកម្ពុជា។ ឯកឧត្តមក៏បានលើកផងដែរអំពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេស ចរណ៍ជាសេនាធិការ នៅពេលខាងមុខនេះ ខេត្តសៀមរាប នឹងធ្វើការពង្រីកនូវវិសាលភាពលើវិស័យទេសចរណ៍ នៅតាមតំបន់មួយចំនួន សំខាន់គឺនៅភ្នំគូលែន ដែលជាតំបន់មានសក្តានុពល ជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ រួមទាំងទេសចរណ៍បែបផ្សងព្រេង ដ៏ទាក់ទាញថ្មីមួយទៀតនៅខេត្តសៀមរាប-អង្គរ ដើម្បីបំពេញតម្រូវការជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងដើម្បីចូលរួមអនុវត្តន៍នូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលតែងតែជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។

ឯកឧត្តម អភិបាលខេត្ត បានប្រសាសន៍បន្តថា បច្ចុប្បន្ននេះខេត្តបាននិងកំពុងដោះស្រាយបញ្ហាមួយចំនួន ដោយបើកយុទ្ធនាការធ្វើការដាំដុះកូនឈើឡើងវិញ នៅតាមតំបន់ដីរបស់រដ្ឋ ដែលរងការកាប់បំផ្លាញ ដោយមានកិច្ចសហការជាមួយមន្ទីរបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋ ដើមី្បជាការរម្លឹកពញ្ញាក់ស្មារតីបងប្អូនអំពីការបាត់បង់ព្រៃឈើថា តើយើង ទទួលរងគ្រោះអី្វខ្លះពីធម្មជាតិវិញ? ហើយការដាំដុះកូនឈើឡើងវិញ យើងនឹងទទួលបានអត្ថប្រយោជន៍ធំធេង តាមរយៈវិស័យទេសចរណ៍ គឺជាតំបន់ទេសចរណ៍មាសបៃតង។ ឯកឧត្តមក៏បានសំណូមពរដល់សហគ្រឹនវ័យក្មេង ត្រូវយកចិត្តទុកដាក់ចំពោះវិស័យកសិកម្ម ដើមី្បធ្វើការស្វែងរកទីផ្សារ សម្រាប់បងប្អូនប្រជាកសិករខ្មែរយើង ក្នុងការលើកកម្ពស់ដល់ផលិតផលក្នុងស្រុកផងដែរ ៕

ដោយ ហង្ស សៀក