ក្នុងរយៈពេល៧ថ្ងៃខាងមុខ ទឹកទន្លេមេគង្គ នៅកម្ពុជា ឡាវ និងថៃ នឹងស្រកចុះដោយសាតែចិនបិទទំនប់វារីអគ្គីសនី

វិទ្យុជាតិកម្ពុជា ៖ហោ សេងគ្រី៖

ឯកឧត្តម តែ ណាវុធអនុប្រធានគណកម្មាធិការអចិន្ត្រៃយ៍មេគង្គកម្ពុជាបានឱ្យដឹងថា​ ចាប់ពីថ្ងៃទី ១១ រហូត ដល់ថ្ងៃទី១៧ខែមេសាខាងមុខ កំពស់ទឹកទន្លេមេគង្គនៅក្នុងប្រទេស កម្ពុជា ថៃ និងឡាវនឹងស្រកចុះ ខុសពីធម្មតាដោយសាតែប្រទេសចិនបិទទំនប់វារី អគ្គិសនី។
ទឹកទន្លេមេគង្គ នៅកម្ពុជា ថៃនិងប្រទេសឡាវ នឹងចាប់ផ្ដើម ស្រកចុះ នៅពេលប្រទេសចិនបិទទំនប់វារីអគ្គីសនីជីងហុង(Jing Hong) ដែលពីមុនធ្លាប់តែបង្ហូរទឹកចេញពី២០០០ទៅ៣០០០ម៉ែត្រគូប ក្នុង១វិនាទី ដោយកាត់បន្ថយការបង្ហូរទឹកចេញមកនៅត្រឹមតែ ១៥០០ទៅ១៦០០ម៉ែត្រគូប ក្នុង១វិនាទីវិញនោះ។


ឯកឧត្តម បានអោយដឹងទៀតថា ៖នៅពេលប្រទេសចិន ចាប់ផ្ដើមបិទទំនប់ទឹកវារីអគ្គីសនី នៅទន្លេមេគង្គផ្នែកខាងលើនាពេលខាងមុខនោះ នឹងធ្វើឱ្យកំពស់ទឹកនៅស្ថានីយ៍ ឈៀង សែន(Chiang Saen)ប្រទេសថៃ នឹងស្រកចុះ ចាប់ពី០.៧០ទៅជាង១ម៉ែត្រ ហើយកំពស់ទឹកនៅទន្លេមេគង្គ នៃប្រទេសកម្ពុជាក៏នឹងស្រកចុះ ពី០.៥០ទៅ១ម៉ែត្រ។
កាលពីថ្ងៃទី៨ខែមេសា ក្រសួងធនធានទឹករបស់ចិន បានជូនដំណឹងមកគណកម្មាធិការទន្លេមេគង្គ ឡានឆាង ស្ដីពីការបិទទំនប់ទឹកវារីអគ្គីសនីជីងហុង(Jing Hong) ដើម្បីឱ្យជនជាតិភាគតិចតៃ ប្រារព្ធពិធីបុណ្យទៅតាមប្រពៃណីរបស់ពួកគេ។

ឯកឧត្តម តែ ណាវុធបានអះអាងថា៖ការបិទទឹកទន្លេមេគង្គផ្នែកខាងលើជាបណ្ដោះអាសន្នរបស់ប្រទេសនេះ គឺវាមិនបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសកម្ពុជា ថៃនិងឡាវ ដែលនៅផ្នែកខាងក្រោមទេ គឺទឹកដែលប្រទេសចិនបានបើកបង្ហូរមកខាងក្រោម មានកំរិតតែ២០%ប៉ុណ្ណោះ។ ឯទឹក៨០% ផ្សេងទៀត គឺប្រទេសនៅតាមទន្លេមេគង្គខាងក្រោមមានប្រភពដោយខ្លួនឯង។ ការបិទទំនប់ទឹកវារីអគ្គីសនីរបស់ចិននេះគឺមាន រយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ ហើយក្រោយថ្ងៃទី១៧ខែមេសា គឺចិននឹងបើកទឹកទន្លេ ឱ្យហូរចុះមកផ្នែកខាងក្រោម ជាធម្មតាឡើងវិញ៕