រដ្ឋបាលខេត្តក្រចេះ ប្រារព្ធពិធីសូត្រមន្តចម្រើនសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

AKP ក្រចេះ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លោក លោកស្រីជាអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត រួម និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានរៀបចំប្រារព្ធធ្វើពិធីសូត្រមន្តចម្រើន សិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ និងរម្លឹកគុណ ដល់ វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វ ហេតុការពារទឹកដីជូនជាតិ មាតុភូមិ នៅថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។ពិធីនេះរដ្ឋបាលខេត្តក្រចេះតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការចូល រួមពីមន្រ្តីរាជការសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត បានធ្វើការបន់ស្រន់ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ ជីដូនជីតា បុព្វការីជន និង បងប្អូនប្រជាពលរដ្ឋដែលបាន បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងយុទ្ធជនយុទ្ធនារី ដ៏អង់អាច ក្លាហានរបស់កម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងសុំពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ពីទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងត្រូវ ឈានចូលនៅពេលដ៏ខ្លីខាងមុខនេះ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្ដម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និង វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តី រាជការក្នុងខេត្តទាំង មូលសូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខេត្តក្រចេះឱ្យ កាន់តែទទួល បានសមិទ្ធផលថ្មីៗថែមទៀត ស្របទៅនឹងយុទ្ធសាស្ត្រចតុកោណ​របស់រាជរដ្ឋាបាលកម្ពុជា ក្រោមដំបូលសន្តិភាពតែមួយ៕

ដោយ  ជួន សុជាតិ