កិច្ចប្រជុំសាមញ្ញលើកទី៥៩របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី២

AKPសៀមរាប ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩​ — ក្រុមប្រឹក្សាខេត្តសៀមរាបបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៩អាណត្តិទី២ របស់ខ្លួនដើមី្ប ពិនិត្យពិភាក្សា អនុម័តទៅលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៨ និងរបាយការណ៍ ប្រចាំត្រីមាសទី១ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ព្រមទាំងការពិនិត្យលើសេក្តីព្រាង សេចក្តី សម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់គណៈអភិបាលខេត្ត និង ការបង់ប្រាក់សមាជិកភាពសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តឆ្នាំ២០១៩។ កិច្ចប្រជុំនេះ បាន ប្រព្រឹត្ដទៅ កាលពីថ្ងៃ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅរដ្ឋបាលសាលាខេត្តសៀមរាប។
ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានគូសបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំសាមញ្ញលើកទី៥៩នេះ គឺដើម្បីជំរុញឱ្យថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក សំដៅឆ្ពោះទៅរកមូលដ្ឋានបម្រើប្រជាពលរដ្ឋឱ្យបានល្អ កែលម្អភាពអសកម្មនានា និងដោះ​ស្រាយបញ្ហាប្រឈមដែលនៅសេសសល់។   ឯកឧត្តមបានគូសបញ្ជាក់ថា កំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកាលានុវត្តភាព សំដៅបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំងនូវគោលការណ៍ជាគន្លឹះនានា នៃអភិបាលកិច្ចល្អ​ រួមមានគណនេយ្យភាព នីតិរដ្ឋ តម្លាភាព ការចូលរួមការលើកស្ទួយសមធម៌ ការឆ្លើយតប និងប្រសិទ្ធភាព។ ឯកឧត្តមក៏​បានស្នើឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ គឺត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាអ្នកដែលបាន​លក់ដីចំណីផ្លូវឱ្យប្រជាពលរដ្ឋលក់ដូរជុំវិញមន្ទីរពេទ្យ  នៅតំបន់ផ្សារអង្គរឃ្យុងយូរ ព្រមទាំង​ការ​បង្កសំឡេងរំខានដល់អ្នកជំងឺ។ ទន្ទឹមនេះ កម្លាំងសមត្ថកិច្ច និងមន្ទីរជំនាញ ត្រូវយក​ចិត្ត​ទុកដាក់ខ្ពស់ ត្រួតពិនិត្យចំពោះអ្នកបើកបររថយន្តធុនធ្ងន់ ដូចជារថយន្តក្រុង រថយន្តដឹកដី និងកុងតឺន័រ រកមើលសារធាតុញៀន និងច្បាប់បើកបរជាដើម ដើម្បីកាត់បន្ថយនូវ​ការគ្រោះ​ថ្នាក់ចរាចរ ជាពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងជិតចូលជិតមកដល់នាពេល ខាងមុខ៕

ដោយ ហង្ស សៀក