ឯកឧត្តម វ៉ា ថន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលខេត្ត ក្រចេះឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩

AKP ក្រចេះ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តក្រចេះឆ្នាំ២០១៨ និងលើកទិសដៅ បន្តឆ្នាំ២០១៩ ដែលប្រារព្ធឡើងកាលពីព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ដែលមានសមាសភាពចូលរួម មកពីតំណាង ក្រុង ស្រុក មន្ទីរ អង្គភាព មន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិ និងតំណាងមណ្ឌលសុខភាព នៅទូទាំងខេត្តប្រមាណជាង ៣០០នាក់។លោកវេជ្ជបណ្ឌិត ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តបានឱ្យដឹងថា ពីជំហាននៃវឌ្ឍនភាពលើប្រតិបត្តិការវិស័យសុខាភិបាលក្នុងការថែទាំសុខុមាលភាពជូនប្រជាពលរដ្ឋ និងបញ្ជាក់ពីសូចនាករលទ្ធផលឆ្នាំ២០១៨ ថ្វីត្បិត តែមិនទាន់បាន ដល់គោលដៅរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចុះ ប៉ុន្តែគ្រប់សូចនាករទាំងអស់ គឺអនុវត្តន៍បានល្អប្រសើរដែលអាចទទួលយកបានក្នុងនោះមាន កម្មវិធីសុខភាពបន្តពូជ មាតាទារក និងកុមារ ការប្រយុទ្ធនឹងជំងឺឆ្លង ជំងឺមិនឆ្លង ការបង្កើនការពង្រឹងប្រព័ន្ធ សុខាភិបាល ការបង្កើនអត្រាគ្រប ដណ្ដប់ដោយថ្នាំបង្ការជំងឺ១០មុខសម្រាប់កុមារ ក្រោមអាយុ ៥ឆ្នាំ ការបន្តការផ្ដល់អាហារូបត្ថម្ភដល់កុមារ ការទប់ស្កាត់ការឆ្លងជំងឺអេដស៍ និងពង្រឹងការថែ ទាំព្យាបាលបន្តអ្នកជំងឺអេដស៍របេង គ្រុនចាញ់ គ្រុនឈាម និងវិធានការទប់ ស្កាត់ជំងឺរាត ត្បាតផ្សេងៗទៀតរួមទាំងបានរៀបចំឱ្យមានកន្លែងសម្រាប់ព្យាបាល បន្សាបគ្រឿងញៀន នៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាព ដែលបានអនុវត្តយ៉ាងសកម្ម។ រាល់ផែនការ សកម្មភាពទាំងនោះ ត្រូវបានយកចិត្តទុកដាក់ពីក្រសួងសុខាភិបាលពិសេសពិសេសគោល នយោបាយ និងគាំទ្រដ៏រឹងមាំពីរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានជំរុញដល់អាជ្ញាធរមូល ដ្ឋានគ្រប់លំដាប់ថ្នាក់ បុគ្គលិកមន្ត្រីរាជការសុខាភិបាល ដៃគូរអភិវឌ្ឍន៍ ព្រមទាំងវិស័យសុខាភិ បាលឯកជនទាំងអស់ ដែលបានចូលរួមក្នុងឱកាសនេះ ត្រូវយកចិត្តទុកដាក់ពិភាក្សាត្រួត ពិនិត្យស្ថានភាពជាក់ស្ដែងក្នុងបរិយាកាសយោគយល់ សាមគ្គីភាតរភាព និងនាំមកនូវគំនិតថ្មី ទស្សនៈថ្មីដ៏សមស្របសម្រាប់អនាគត ដែលជាការផ្ដួចផ្ដើម និងសម្របសម្រួលសំដៅលើក កម្ពស់សមត្ថភាព និងគុណភាពនៃប្រព័ន្ធសុខាភិបាលទំនើប ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្ត យុទ្ធសាស្ត្រ និងកម្មវិធីសុខាភិបាលនៅគ្រប់មូលដ្ឋានទាំងអស់ ទទួលបានជោគជ័យសម្រាប់ ជាឧត្ដមប្រយោជន៍ជូនប្រជាពលរដ្ឋ ពិសេសប្រជាជនក្រីក្រនៅតំបន់ដាច់ស្រយាលដែលស្ថិត នៅក្នុងតំបន់របស់ខ្លួន។

ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ថា ពិធីដ៏មានសារៈសំខាន់ នេះ និងនាំមកនូវការរួបរួមគ្នាយោគយល់គ្នា មានភាពច្នៃប្រឌិតខ្ពស់ដែលជាកត្តាគន្លឹះ សម្រាប់ សម្រេចបាននៅក្នុងការអភិវឌ្ឍសង្គម និងដើម្បីចូលរួមចំណែកលើកស្ទួយសមត្ថភាព និងឆន្ទៈ ក្នុងការអនុវត្តភារកិច្ចឆ្នាំ២០១៩ ឱ្យកាន់តែជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕

ដោយ ជួន សុជាតិ