គណៈកម្មការអន្តរក្រសួង បានឯកភាពគ្នារៀបចំផែនការមេអភិវឌ្ឍន៍នូវគោលដៅទេសចរណ៍ដ៏ធំនៅក្នុងខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — នៅក្នុងកិច្ចលើកទី២ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប​កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ បានដាក់ចេញនូវផែនការ មួយចំនួនឱ្យ «គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍នៅខេត្តសៀមរាប» ដោយឯកឧត្តមបានជំរុញឱ្យមន្រ្តីជំនាញនៃ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងក្រសួង ពាក់ព័ន្ធផ្សេងៗទៀត រួមគ្នាជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីនៅ លើភ្នំគូលែន ឱ្យបានសម្រេចជោគជ័យឆាប់រហ័ស។គណៈកម្មការអន្តរក្រសួង ក៏បានឯកភាពគ្នារៀបចំផែនការមេអភិវឌ្ឍន៍នៅ គោលដៅទេសចរណ៍ដ៏ធំៗចម្បងនៅក្នុងខេត្តសៀមរាប សម្រាប់ឆ្នាំ២០២០-២០៤០ ក្នុងនោះ មានគម្រោងអភិវឌ្ឍន៍រយៈពេលខ្លី៥ឆ្នាំ (២០១៨-២០២៣), ផែនការជំរុញការរៀបចំកសាង ហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅទីក្រុងសៀមរាប ដែលមានដូចជា ការជួសជុលផ្លូវក្នុងខេត្ត ផ្លូវក្រវាត់ជុំវិញក្រុង ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ សណ្តាប់ធ្នាប់អនាម័យក្នុងទីក្រុង ជាដើម។ ព្រមជាមួយនោះ អង្គប្រជុំក៏បានឯកគ្នាប្រគល់ ភារកិច្ចជូនលោកអភិបាលខេត្តសៀមរាប ដើម្បីដឹកនាំអង្គប្រជុំសម្របសម្រូលមួយ ដើម្បីប្រែក្លាយសហគមន៍នេសាទជ្រាវទៅជាសហគមន៍តាមស្តង់ដារជាតិ និងអាស៊ានដ៏ទាក់ទាញ ឱ្យបានឆាប់រហ័សផងដែរ។

ឯកឧត្តម ថោង ខុន ក៏បានជំរុញឱ្យមានការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយត្រូវពង្រឹងគុណភាពសាលាបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ការបណ្តុះបណ្តាលផ្ទៃក្នុង និងជំរុញការអនុវត្តស្តង់ដារ អាស៊ានក្នុងវិស័យទេសចរណ៍ ដោយក្នុងនោះរាជរដ្ឋាភិបាលបានបង្កើតឱ្យមាន «គណៈកម្ម ការជាតិផ្នែកជំនាញទេសចរណ៍» ដោយមានក្រសួងទេសចរណ៍ជាប្រធាន ហើយសព្វថ្ងៃ កម្ពុជាបានដាក់ឱ្យ អនុវត្តន៍នូវកម្មវិធីបណ្តុះបណ្តាលអាស៊ាន លើ៣២មុខជំនាញ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តណែនាំឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមកាត់បន្ថយការធ្លុះធ្លាយនៃវិស័យទេសចរណ៍(Tourism Leakage)ដែលកើតចេញពីការនាំចូលបន្លែ ផ្លែឈើ និងសាច់ពីបរទេសដោយត្រូវជំរុញការអភិវឌ្ឍខ្សែក្រវាត់បៃតងជុំវិញក្រុងសៀមរាប ដោយ ជំរុញសកម្ម ភាពដាំបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វជាលក្ខណៈធម្មជាតិ ដើម្បីផ្គត់ផ្គង់តម្រូវការ ភ្ញៀវទេសចរ។ ម្យ៉ាងទៀត ការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរអន្តរជាតិដើម្បីធានាផល ប្រយោជន៍អតិបរមាពិសេស ការត្រៀមលក្ខណៈទទួលទេសចរចិនដែល នឹងមានកំណើន យ៉ាងច្រើនជារៀងរាល់ឆ្នាំ ដោយត្រូវអនុវត្តន៍ឱ្យបានល្អ តាមសៀវភៅស្តីពី «China Ready» និងយុទ្ធសាស្រ្តទីផ្សារដោយឡែកសម្រាប់ភ្ញៀវទេសចរចិនផងដែរ។

សូមបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាបនេះ នឹងបន្តប្រជុំនៅក្នុងរយៈពេល៣ខែខាងមុខនេះទៀត ដើម្បីត្រួតពិនិត្យលើលទ្ធផលដែល សម្រេចបាន និងដើម្បីដាក់ទិសដៅអនុវត្តន៍បន្ត៕

ដោយ ឃុត សៅ