ASEAN TOP NEWS និងដៃគូយុទ្ធសាស្ត្រចំនួន ៤ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរចក្ខុវិស័យ ទំនាក់ទំនងមិត្តភាព និងជំរុញការអភិវឌ្ឍរួមមួយ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — ASEAN TOP NEWS និងដៃគូយុទ្ធសាស្ត្រចំនួន ៤ រួមមានសហគ្រាស China Guangxi Beibu Gulf Qifu (គ័ងស៊ី ប៉ីពុ ហ្គាល់ ឆឹហ្វូ), Heath Education Investment Group , Cambodia Jiaheng (ចែហឹង), International Cultural Tourism Co.,Ltd និងAngKor Zipline បានចុះ ហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ក្នុងឆ្នាំ២០១៩នេះ ដើម្បីផ្លាស់ប្តូរចក្ខុវិស័យ និងការបង្កើត ទំនាក់ទំនងមិត្តភាព ក្នុងគោលបំណងជំរុញការអភិវឌ្ឍរួមមួយ។ការចុះហត្ថលេខានេះបានប្រព្រឹត្តទៅ កាលពីយប់ល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារហ្គ្រេត ឌូក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួង ព័ត៌មាន លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក លីវ ហ្ស៊េវគ័ង ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ។

លោក Prom Morokot នាយករងក្រុមហ៊ុន ASEAN TOP NEWS បានថ្លែងបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩នេះ ទីភ្នាក់ងារសាព័ត៌មាន ASEAN TOP NEWS នឹងផ្តល់ជូនដៃគូយុទ្ធ សាស្ត្រទាំងបួននូវការផ្សាយពាណិជ្ជកម្ម ការជំរុញសាជីវកម្ម ការពិគ្រោះយោបល់លើការធ្វើ សេចក្តីសម្រេចចិត្ត និងសេវាកម្ម ក៏ដូចជាការគាំទ្រផ្សេងៗទៀត។ លោកបានបន្ដថា ដៃគូ យុទ្ធសាស្ត្រទាំងអស់នេះ ក៏នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការគាំទ្រព័ត៌មានចាំបាច់ សម្រាប់ការអភិវឌ្ឍ ចំពោះភ្នាក់ងារសារព័ត៌មាន ASEAN TOP NEWS។ កិច្ចសហប្រតិបត្តិ ការនេះ គឺជាកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះសម្រាប់ដៃគូទាំងអស់ដើម្បីអភិវឌ្ឍន៍រួមគ្នា។ លោកក៏បានលើកឡើងឱ្យដឹងដែរថា ចាប់ពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៨មក ទីភ្នាក់ងារ ASEAN TOP NEWS បានចាប់ផ្តើមដំណើរការនៅភ្នំពេញ រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ឈានដល់ការសម្ពោធជាផ្លូវការ ក្នុងនោះ ក៏មានសហគ្រាសចិន-កម្ពុជាល្បីៗ​ឈ្មោះ​ចំនួនបី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។ លោកនាយក រងក្រុមហ៊ុនបន្តថា កាលពីឆ្នាំមុនក្រោមការយកចិត្តទុកដាក់ និងគាំទ្ររបស់រាជរដ្ឋាភិបាល កម្ពុជា ជាពិសេសក្រសួងព័ត៌មាន សាលារាជធានីភ្នំពេញ ព្រមទាំងសមភាគីប្រព័ន្ធផ្សព្វផ្សាយ​កម្ពុជា-ចិន សហគមន៍ពាណិជ្ជកម្ម សហគមន៍បរទេស សមាគមអាជីវកម្ម និងវិស័យផ្សេងៗ​ទៀត ទីភ្នាក់ងារសារព័ត៌មាន ASEAN TOP NEWS បានអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ទន្ទឹមនេះ សារព័ត៌មាន ASEAN TOP NEWS នឹងខិតខំបំពេញនូវការទទួលខុសត្រូវរបស់ខ្លួនក្នុងការ ទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជា បណ្តាប្រទេសអាស៊ាន ដោយផ្តល់នូវសេវាកម្ម គ្រប់ជ្រុងជ្រោយ សម្រាប់សហគ្រាសចិនដើម្បីអភិវឌ្ឍន៍នៅក្នុងបណ្តាប្រទេស ដែលស្របតាម​គោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយ និងការអភិវឌ្ឍជាក់ស្តែងនូវការលើកកម្ពស់កិច្ចសហ​ប្រតិបត្តិការមុខជំនួញ រវាងកម្ពុជា បណ្តាប្រទេសអាស៊ាន និងប្រទេសចិន។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គ​នាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន បានថ្លែងថា នេះគឺជាឆ្នាំទីពីរហើយ ដែលអង្គភាពសារព័ត៌មាន ASEAN TOP NEWS បានដំណើរការផ្សព្វផ្សាយព័ត៌មាន​នៅ​កម្ពុជា ក្រោយពីថ្ងៃសម្ពោធបើកទីស្នាក់ការរបស់ខ្លួននៅកម្ពុជា។ ឯកឧត្ដមបានប្រកាសគាំទ្រ និងវាយតម្លៃខ្ពស់រាល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មាន ជាពិសេសអង្គភាពសារព័ត៌ មាន ASEAN TOP NEWS ដែលក្នុងពេលមួយរយៈកន្លងមកនេះ បានចូលរួមចំណែកផ្តល់ ព័ត៌មាន ជូនសាធារណជនទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅលើពិភពលោក ផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា នៅកម្ពុជាវិស័យប្រព័ន្ធផ្សព្វផ្សាយមាន​ការរីកចម្រើនគួរ​ឱ្យ​កត់សម្គាល់ ហើយបច្ចុប្បន្ននេះ សារព័ត៌មានបោះពុម្ពផ្សាយសរុបមានចំនួន៦៥០អង្គភាព ក្នុងនោះ កាសែតផ្សាយជាភាសាខ្មែរ ៤១១អង្គភាព កាសែតផ្សាយជាភាសារបរទេស ២៥អង្គ ភាព ទស្សនាវដ្តី១៩៤អង្គភាព និងព្រិត្តិបត្រព័ត៌មាន ២០អង្គភាព។ ចំពោះសមាគមអ្នកសារ​ព័ត៌​មាន ក្លិបអ្នកកាសែតកម្ពុជា៤១អង្គភាព។ ចំណែកវិទ្យុមានចំនួន ២២០ស្ថានីយ ទូរទស្សន៍ ១៩ស្ថានីយ ទូរទស្សន៍ផ្កាយរណប ៣ស្ថានីយ ទូរទស្សន៍ឌីជីថល (Pay-TV) ៨ស្ថានីយ ទូរទស្សន៍អនឡាញ ៤៨អង្គភាព។ ការរិយាល័យទីភ្នាក់ងារសារព័ត៌មានបរទេស ការិយាល័យ តំណាងវិទ្យុ-ទូរទស្សន៍បរទេសប្រចាំការអចិន្ត្រៃយ៍សរុបមានចំនួន ២១អង្គភាព ដែលក្នុងនោះ ក៏មានផងដែរ វិទ្យុអន្តរជាតិចិន (CRI) និងអង្គភាពសារព័ត៌មានចិន ជាចច្រើនផ្សេងទៀត។

ក្រៅពីនេះ មានស្ថាប័នរដ្ឋ និងឯកជនរបស់ចិនជាច្រើនផងដែរ ដែលបាននិងកំពុង ធ្វើកិច្ចសហប្រតិបត្តិការជាច្រើនជាមួយក្រសួងព័ត៌មានកម្ពុជា។ ឯកឧត្តមបានបន្ដថា តាម​រយៈការរីកចម្រើនខាងវិស័យសារព័ត៌មាន និងសោតទស្សន៍នេះ គឺបានបញ្ជាក់ឱ្យពិភពលោក​បានដឹងថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រលើសេរីភាពសារព័ត៌មាន ហើយកម្ពុជាក៏បាន​ត្រៀម​រៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ត្រៀមរៀបចំតាក់តែងច្បាប់ស្តីពី​សោត​ទស្សន៍ ច្បាប់ស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងជំរុញគាំទ្រការគោរពជំនាញវិជ្ជាជីវៈ​សារព័ត៌​មាន ដើម្បីធានាបានព័ត៌មានកាន់តែមានប្រសិទ្ធភាព និងប្រកបដោយវិជ្ជាជីវៈ ក្នុងការចូល​រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ៕

ដោយ ប៉ាល់ សុង