រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃសម្ដែងការសោកស្តាយចំពោះអ្នកធ្វើដំណើរ លើដងផ្លូវមួយចំនួនដែលមិនបានផ្តល់តម្លៃដល់អាយុជីវិតខ្លួនឯង

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបាន សម្ដែងការសោកស្តាយចំពោះបងប្ពូន​ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរមួយចំនួនដែលមិនបានផ្តល់តម្លៃចំពោះជីវិតរបស់ខ្លូន ឬក៏មិន​បានគិតគួរដល់ការខូចខាត បាត់បង់នូវទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិសាធារណៈ​ជាដើម។ ការលើកឡើងនេះ ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំ ឆមាសទី១ នាឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង មហាផ្ទៃ។សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ទន្ទឹមនេះ សមត្ថកិច្ចមួយ​ចំនួន​តូច​ក៏កង្វះការ ទទួលខុសត្រូវឱ្យបានហ្មត់ចត់ក្នុងការអនុវត្តច្បាប់។ ប៉ុន្តែភាគច្រើនបាន ខិតខំ​ប្រឹងប្រែងក្នុងការអនុវត្តច្បាប់។ សម្ដេចក្រឡាហោមបានបន្ដថា “ខ្ញុំពិតជាមានការចាប់ អារម្មណ៍លើបញ្ហានេះ ដោយសារថាយើងបានប្តេជ្ញាធ្វើការងារចរាចរណ៍ឱ្យបានល្អ ហើយខ្ញុំ​សូម​សម្តែងនូវការគាំទ្រចំពោះរបាយការណ៍ និងទិសដៅចំពោះការងារទៅមុខទៀត”។

សម្ដេចក្រឡាហោមបានរម្លឹកបន្ថែមថា សូមឱ្យអនុប្រធានគណៈកម្មការចរាចរណ៍​រាជធានី ខេត្តលើកការងារមួយចំនួនបន្ដទៀត រួមមាន ទី១. ត្រូវកសាងផែនការ សកម្មភាព លម្អិត ដើម្បីអនុវត្តន៍ទិសដៅនីមួយៗ ក្នុងត្រីមាសទី២ និងត្រីមាសបន្តក្នុងឆ្នាំ២០១៩ ដោយ​កំណត់ច្បាស់អំពីពេលវេលា ទីតាំង និងមន្ត្រីទទួលខុសត្រូវ និងត្រូវរាយការណ៍មក កាន់អគ្គ លេខាធិកដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាការកំណត់។ ទី២. ជំរុញ ការអប់រំផ្សព្វផ្សាយ ការអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងមួយខែចំនួន ២លើក ក្នុងឃុំ សង្កាត់ នីមួយៗ ចំពោះមុខសញ្ញាដែលងាយរងគ្រោះ រួមមានអ្នកជិះ​ទោចក្រ​យានយន្ត អ្នកបើកបរដឹកកម្មកររោងចក្រ អ្នកដឹកអ្នកដំណើរ បើកបរគោយន្ត និងយានយន្ត​ប្រភេទផ្សេងទៀត។ ទី៣. អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ត ត្រូវជំរុញការរឹតបន្តឹង ការអនុវត្តច្បាប់ នៅតាមឃុំ សង្កាត់ក្នុងមួយសប្តាហ៍មួយលើក ដោយផ្តោតលើមូលហេតុ ចម្បង ដែលបង្កឱ្យមានគ្រោះថ្នាក់តាមមូលដ្ឋាននីមួយៗ ហើយត្រូវត្រួតពិនិត្យមិនឱ្យមាន អំពើ អសកម្មរបស់មន្ត្រីអនុវត្តន៍ច្បាប់។

សម្ដេចក្រឡាហោមបានបន្ថែមថា ការរឹតបន្តឹងច្បាប់ត្រូវ អនុវត្តន៍ទណ្ឌកម្ម ឱ្យបានត្រឹមត្រូវតាមអំពើល្មើសដែលច្បាប់បានចែង ដូចជាការពិន័យ​ជា​ប្រាក់ ឬការពិន័យជាប្រាក់ និងការកែកំហុស ឬការ ពិន័យជាប្រាក់ដោយឃាត់យានយន្ត​រយៈ​ពេលកំណត់។ ទន្ទឹមនេះ ចំពោះករណីឃាត់ខ្លូនអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវធ្វើតាមច្បាប់ ដោយត្រូវតាមចាប់ជនល្មើសឱ្យបាន ដើម្បីបញ្ចូនជននោះទៅវិនិច្ឆ័យទោស៕

ដោយ ប៊ុនរិទ្ធ