សម្តេចក្រឡាហោម ស ខេង ស្នើឱ្យដាក់កម្លាំងត្រួតពិនិត្យចរាចរណ៍ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បី​ទប់ស្កាត់គ្រោះថ្នាក់ចរាចរ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានស្នើដល់អនុ គណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយសមត្ថកិច្ច ចូលរួមទប់ស្កាត់ គ្រោះថ្នាក់ចរាចរនៅថ្ងៃចូលឆ្នាំខ្មែរ ខាងមុខនេះ។ ការស្នើនេះ បានធ្វើឡើងនៅក្នុងពិធី បូក សរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ ប្រចាំឆ្នាំ២០១៩ កាលពីព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។​ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ អនុគណៈកម្មការទី២ចរាចរណ៍ផ្លូវគោកត្រូវរៀបចំឱ្យបានជាក់លាក់ ដើម្បីកាត់បន្ថយគ្រោះ​ថ្នាក់​ចរាចរណ៍ ដោយសហការជាមួយនឹងខេត្ត និងរាជធានី។ សម្ដេចក្រឡាហោមបាន​លើក​ជាឧទាហរណ៍ថា ផ្លូវជាតិលេខ១ មានទាំងភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និងខេត្ដស្វាយរៀង ត្រូវដាក់កម្លាំងដើម្បីត្រួតពិនិត្យរយៈពេលប៉ុន្មានថ្ងៃ ដោយមានប្រាក់ប៉ះប៉ូវ កុំឱ្យក្លាយជា​កុង​ត្រូលជជុះ និងផ្លូវជាតិលេខ៦អា ក៏មានប្រជាជនធ្វើដំណើរឆ្លងកាត់ច្រើន។ សម្ដេចក្រឡា ហោមបានបន្ដថា “មិនមែនជាការហួសហេតុទេ ប៉ុន្តែជាការការពារសុវត្ថិភាពជួនពួក គាត់ អីញ្ចឹងគឺថាបើយើងចាប់ទៅមិនដឹងចាប់ទៅយកទុកឯណា។ តែបើកន្លែងខ្លះ មានលទ្ធភាព ដូច ជានៅបណ្តាខេត្តមានដីទំនេរ ប៉ុន្តែធ្វើយ៉ាងការពារទ្រព្យសម្បត្តិ ម៉ូតូរបស់គាត់ឱ្យបានគង់ វង្ស។ នេះបើតាមគាត់ឃាត់គាត់ប៉ុន្តែត្រូវប្រគល់ឱ្យគាត់វិញនៅពេលណា គាត់យកមួកមក ឬ មួយយើងមិនចាប់ ដូចជារាជធានីភ្នំពេញ យើងមិនដឹងទុកត្រង់ណាទេ។

អីញ្ចឹងយើងត្រូ វ ពិន័យអន្តរកាល ដូច្នេះយើងត្រូវរៀបចំឱ្យបានហ្មត់ចត់ ដោយយើងមិនផាកម៉ូតូ តែយើងត្រូវ ផាកពិន័យ។” សម្តេចក្រឡាហោមបានបន្ថែមថា​ សមត្ថកិច្ចមិនមែនទៅយកលុយផ្ទាល់ដៃពី​ពួក​គាត់ទេ គឺយើងត្រូវរៀបចំបញ្ជី ដែលមានគល់បញ្ជី និងចុងបញ្ជីឱ្យបានច្បាស់លាស់ ដោយ​ប្រគល់ឱ្យគាត់ចុងបញ្ជី ដើម្បីទៅបង់នៅកន្លែងណាដែលជិតបំផុត ដើម្បីស្រួលត្រួត​ពិនិត្យ​គល់បញ្ជីថាផាកពិន័យប៉ុន្មានដែរ។ សម្ដេចក្រឡាហោមបានលើកឡើងថា មានតែវិធានការ​ជាក់ស្តែងនោះទេ ទើបការអនុវត្តច្បាប់ចរាចរណ៍ដោយមិនត្រូវយោគយល់ចំពោះអ្នក​មិន គោរពច្បាប់ចរាចរណ៍នោះ។ សម្តេចក្រឡាហោមបានគូសបញ្ជាក់ថា “បើយើងយោគយល់ តាមពិតទៅហាក់ដូចជាយើងធ្វើបាបគាត់វិញទេ ព្រោះថាកាលណាគ្រោះថ្នាក់ គឺគាត់ជាអ្នករង​គ្រោះ អីញ្ចឹងហើយការមិនយោគយល់គឺជួយអាយុជីវិតគាត់ទៅវិញទេ ដូច្នេះយើងត្រូវ​ផាក​ពិន័យតាមច្បាប់ដើម្បីឱ្យគាត់ប្រុងប្រយ័ត្នក្នុងការបើកបរគឺពាក់មួកសុវត្ថិភាព ការពារជិវិត​គាត់​បាន”៕

ដោយ ប៊ុនរិទ្ធ