មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលរៀបចំប្រកួត៨ប្រភេទកីឡា ដើម្បីអបអរសង្រ្កាន្តឆ្នាំថ្មី២០១៩

AKP កណ្តាល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានរៀបចំ៨ប្រភេទកីឡាឱ្យកីឡាករ កីឡាការិនី ចូលរួមប្រជែងម្ចាស់ដំណែងជើងឯក ដើម្បីចូលរួមអបអរ សាទរសង្គ្រាន្តឆ្នាំ ថ្មី២០១៩ នៅ​កីឡដ្ឋានខេត្តកណ្តាល និងទីលានសាលាគរុកោសល្យភូមិភាគ ដោយប្រភេទកីឡាបាល់ទាត់ បានដំណើរការមុនគេ កាលពីថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩។

ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល លោក ពៅ វណ្ណា បាន បញ្ជាក់ថា ៨ប្រភេទកីឡារួមមាន៖ កីឡាបាល់ទាត់ បាល់ទះ ទាញព្រ័ត្រ តេក្វាន់ដូ ប្រដាល់ គុនខ្មែរ ចំបាប់បុរាណ អត្តពលកម្ម និងអុកចក្រត្រង្គ ដោយត្រូវប្រកួតជាបន្តបន្ទាប់ គិតចាប់ ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៦ ខែ មេសា ទើបបញ្ចប់ការប្រកួត។ លោកអះអាងថា ការប្រកួត នេះ ត្រូវប្រារព្ធធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអភិបាលខេត្តកណ្តាល ក្នុងគោល បំណងដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាបំផុសឱ្យ វិស័យកីឡានៅក្នុងខេត្តកណ្តាលកាន់តែមានសកម្មភាពផុសផុលបន្ថែមទៀត ជាពិសេសគឺ ដើម្បីសម្រិតសម្រាំងរកធនធានកីឡាករ កីឡាការិនីតំណាងឱ្យខេត្តត្រៀមចូលរួមប្រជែងកីឡា ជាតិលើកទី៣ នាឆ្នាំ២០២០ខាងមុខ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអបអរសាទសង្រ្គាន្តខេត្តកណ្តាលនេះ មាន​ប្រភេទ​កីឡាបាល់ទាត់ចំនួន២១ក្រុម ក្នុងនោះមានក្រុមបាល់ទាត់នារីចំនួន៤ក្រុម, បាល់ទះ​មាន៤ក្រុម អត្តពលកម្ម និងទាញព្រ័ត្រ មាន២០ក្រុម ក្រៅពីនោះ​ប្រភេទកីឡាផ្សេងទៀត​មានអ្នកចូលរួមប្រកួតជាច្រើន។ ជាមួយគ្នានេះដែរ ក្នុងឆ្នាំ២០១៩នេះ ក្រុមបាល់ទាត់អាយុ​ក្រោម១៧ឆ្នាំ និងបាល់ទាត់នារីទើបនឹងទទួលបានចំណាត់លេខ២ដូចគ្នាទូទាំងប្រទេស៕

ដោយ ហេង ណាលីន