យុទ្ធនាការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែនជុំទី២ ចាប់ផ្តើម

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — ទីភ្នាក់ងារព័ត៌មាន ​Ukrinform របស់រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា យុទ្ធនាការដ៏កក្រើកសម្រាប់ជុំទី២ នៃការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែនបានចាប់ផ្តើមកាលពីថ្ងៃចន្ទនេះ ។

ដោយដកស្រង់ទិន្នន័យពីគណៈកម្មការបោះឆ្នោតកណ្តាល ( CEC ) របស់ប្រទេសនោះ សេចក្តីរាយការណ៍នេះបាននិយាយថា ក្នុងអំឡុងយុទ្ធនាការដ៏កក្រើកនេះបេក្ខជន ២រូប ដែលបាននាំមុខសម្រាប់ការបោះឆ្នោតសាជាថ្មី នឹងមានសិទ្ធិជំរុញនូវមុខមាត់របស់ខ្លួនរហូតទៅដល់ថ្ងៃទី ១៩ ខែមេសា ។

នៅមុននេះ CEC បាននិយាយថា សិល្បករអ៊ុយក្រែនលោក Volodymyr Zelensky និងប្រធានាធិបតី ដែលកំពុងកាន់តំណែងលោក ​Petro Poroshenko បាននាំមុខសម្រាប់ការបោះឆ្នោតជុំទី២នេះ ដែលនឹងធ្វើនៅថ្ងៃទី២១ ខែមេសា ។

វែបសាយ CEC បានបង្ហាញឱ្យឃើញថា លោក Zelensky ទទួលបានសំឡេងឆ្នោត ៣០, ២៤ ភាគរយ ដោយឡែកលោក Poroshenko ទទួលបាន១៥, ៩៥​ភាគរយ នៅក្នុងការបោះឆ្នោតជុំទីមួយ ដែលបានធ្វើកាលពីថ្ងៃទី៣១ ខែមីនា ។
ពួកអ្នកបោះឆ្នោតសរុបទាំងអស់ ៦២, ៨ ភាគរយនៃពួកអ្នកដែលមានសិទ្ធិបោះឆ្នោត ២៩,៨លាននាក់ បានធ្វើការបោះឆ្នោតរបស់ពួកគេនៅក្នុង ការបោះឆ្នោតជុំទីមួយ ។

លទ្ធផលនៃការបោះឆ្នោតជុំទី២ ត្រូវបានគេកំណត់ផ្សាយឱ្យដឹងនៅត្រឹមថ្ងៃទី៤ ខែឧសភា ហើយប្រធានាធិបតីថ្មីនេរំពឹងថា នឹងត្រូវចូលកាន់តំណែមិនឱ្យយឺតជាងថ្ងៃទី ៣ ខែមិថុនាទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )